
ខេត្តសៀមរាប៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ ក្រោយព្យាករឃើញខេត្តនេះអាចប្រឈមនឹងការខ្វះទឹក និងគ្រោះរាំងស្ងួតពីកម្រិតស្រាលទៅខ្លាំង ចាប់ពីថ្ងៃទី២០កក្កដា ដល់ថ្ងៃទី១០សីហា ឆ្នាំ២០២៦...។

តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី១៨កក្កដានេះ មន្ទីរលើកឡើងថា ដោយការវិវត្តនៃបាតុភូត El Nino បានធ្វើឱ្យខ្យល់មូសុងនិរតីចុះខ្សោយ ដែលបណ្ដាលឱ្យបរិមាណទឹកភ្លៀងក្នុងខេត្តមានកម្រិតទាបជាងមធ្យម។ ស្ថានភាពនេះអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងវិស័យកសិកម្ម។ ដើម្បីកាត់បន្ថយផលប៉ះពាល់ មន្ទីរធនធានទឹកខេត្តសៀមរាប អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានត្រៀមផែនការគ្រប់គ្រង និងបែងចែកទឹកឱ្យមានប្រសិទ្ធភាព។

ចំណែកប្រជាកសិករគួរប្រើប្រាស់ទឹកដោយសន្សំសំចៃ និងជ្រើសរើសដំណាំដែលត្រូវការទឹកតិច ឬពន្យារពេលដាំដុះនៅតំបន់ដែលមិនទាន់មានប្រភពទឹកគ្រប់គ្រាន់។ ជាមួយគ្នានេះ មន្ទីរក៏បានណែនាំដល់សាធារណជនឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ និងបន្តតាមដានសេចក្តីជូនដំណឹងផ្លូវការជាបន្តបន្ទាប់។ ក្នុងន័យនេះមន្ទីរអះអាងថា នឹងបន្តតាមដានការវិវត្តនៃស្ថានភាពអាកាសធាតុ និងធ្វើបច្ចុប្បន្នភាពព័ត៌មានបន្ថែម ប្រសិនបើមានការប្រែប្រួលគួរឱ្យកត់សម្គាល់៕




