
រដ្ឋធានីម៉ានីឡា៖ ក្រុមអត្តពលិកបាល់ទះកម្ពុជា បានឡើងទៅជួបក្រុមបាល់ទះថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ SEA V-CUP លើកទី៦ នាវេលា១៦ៈ០០នាទីល្ងាចថ្ងៃសៅរ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នាកីឡដ្ឋាន Candon City Arena ប្រទេសហ្វីលីពីន ខណៈនៅឯប្រទេសអូស្ត្រាលីមានការប៉ះទង្គិចយ៉ាងក្ដៅគគុកមួយរវាងអ្នកគាំទ្រគុនខ្មែរនៅទីក្រុមស៊ីដនី ជាមួយក្រុមការងារប្រដាល់កីឡាករ សុងរ៉ ផេតយិនឌី...។

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ស្ថិតនៅពូល A មាន២ពិន្ទុក្នុងដៃ បន្ទាប់ពីប្រកួតឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ៣សិតទល់២ និងចាញ់ក្រុមជើងខ្លាំងឥណ្ឌូណេស៊ី ៣សិតទល់០វិញ ខណៈក្រុមម្ចាស់ផ្ទះហ្វីលីពីនធ្លាក់ចេញពីពូល តែត្រូវប្រកួតវគ្គប្រជែងចំណាត់ថ្នាក់ប្រចាំព្រឹត្តិការណ៍ ជាមួយក្រុមបាល់ទះភូមា នៅវេលាម៉ោង១៣ៈ០០នាទីរសៀលដែលធ្លាក់ចេញពីពូលដូចគ្នា។ ចំណែក ក្រុមកំពូលតារាងពូលA ឥណ្ឌូណេស៊ី ត្រូវជួបក្រុមលេខ២ពូលB វៀតណាម នៅវេលាម៉ោង២០ៈ០០នាទីយប់ថ្ងៃដដែលនេះ។

តស់..! រង់ចាំមើលទាំងអស់គ្នាថា តើក្រុមបាល់ទះជម្រើសជាតិកម្ពុជា ផ្តួលក្រុមបាល់ទះជម្រើសជាតិថៃបានទេល្ងាចនេះ ដើម្បីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពាន SEA V-CUP លើកទី៦ ខណៈព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះជើងឯកលំដាប់ទី១ប្រចាំតំបន់អាស៊ាន មួយនេះ កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះជើងឯកលំដាប់ទី១ប្រចាំតំបន់អាស៊ាន នេះ បានចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែកក្កដាមកម្ល៉េះ ដោយការប្រកួតធ្វើឡើងចំនួន២ជុំ ដោយបានចែកចេញជា២ពូល គឺប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះតាមពូលនីមួយៗ៕





