
រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីលេចធ្លាយព័ត៌មានថា លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ រួមទាំងបក្ខពួក រងបណ្ដឹងពីពលរដ្ឋម្នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់អំណាចតួនាទីប្រព្រឹត្តអំពើបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ដល់ទៅជាងកន្លះលានដុល្លារ។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រាប់អង្គភាពសារព័ត៌មាន SBM News តាមតេឡេក្រាមនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះថា លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបញ្ជាទៅអគ្គស្នងការដ្ឋាននគរបាលជាតិរួចហើយ ដើម្បីឱ្យស្រាវជ្រាវ និងបើកការស៊ើបអង្កេតលើករណីនេះ។ អ្នកនាំពាក្យរូបនេះ លើកច្បាប់ និងគោលការណ៍នគរបាល មកនិយាយដូច្នេះថា៖«បើអនុវត្តខុសនីតិវិធី និងជំនាញ ពួកគាត់ត្រូវប្រឈបនឹងវិន័យនគរបាល ទោះពួកគាត់ទទួលបញ្ជាពីនរណាក៏ដោយ។ ហើយការចុះទៅនាំខ្លួន និងចាប់គេខុសច្បាប់ ជាបទល្មើសព្រហ្មទណ្ឌ...បើមាន[ប្រព្រឹត្តខុស]មែន ពួកគាត់ត្រូវប្រឈមនឹងវិន័យនគរបាលផង និងទោសព្រហ្មទណ្ឌផង»។

តាមរយៈពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ហួត សិទ្ធីរាជ ដាក់ជូនទៅ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នើសុំប្ដឹងបុគ្គលមួយចំនួន រួមមាន៖ ទី១.ឈ្មោះ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍, ទី២.ឈ្មោះ លឹម កុក ជាំង, ទី៣.ឈ្មោះ ឡាច បុទុមវត្ថី និងបក្ខពួកមួយចំនួនទៀត ពីបទចាប់បង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ប៉ះពាល់ដល់សេរីភាពបុគ្គល, និងកំហែងយក (ប្រាក់) ប្រព្រឹត្តនៅក្រោយក្រុមហ៊ុនទូរសព្ទសែលកាត រាជធានីភ្នំពេញ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៦។ ក្នុងពាក្យបណ្ដឹងនោះ ជនរងគ្រោះ បានស្នើសុំដល់ប្រព័ន្ធច្បាប់មេត្តាចាត់វិធានការផ្លូវច្បាប់លើលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា រួមទាំងបក្ខពួក និងតម្រូវឱ្យពួកគេ សងប្រាក់ដែលបានជំរិតយកបានសម្រេច ក្នុងចំនួន៥សែន៥ពាន់ដុល្លារអាម៉េរិក ត្រឡប់មកឱ្យជនរងគ្រោះវិញ។ ហើយមិនត្រឹមតែប៉ុណ្ណោះ ជនរងគ្រោះឈ្មោះ ហួត សិទ្ធីរាជ បានទាមទារប្រាក់សងជំងឺចិត្តចំនួន២សែនដុល្លារអាម៉េរិកផងដែរ។

ជនរងគ្រោះ រៀបរាប់អំពីដំណើរដើមទងនៃរឿងនេះថា៖«ក្នុងថ្ងៃកើតហេតុខាងលើ មានបុគ្គលមួយក្រុម ដែលអះអាងថា ខ្លួនជានគរបាលទេសចរណ៍ ស្ថិតក្រោមឈ្មោះ រុន រ័ត្នវាសនា បានមកចាប់ខ្ញុំ រុញចូលឡាននៅម្តុំក្រោយក្រុមហ៊ុនសែលកាត យកខ្ញុំទៅបង្ខាំងទុកនៅនាយកដ្ឋាននគរបាលទេសចរណ៍នៃក្រសួងមហាផ្ទៃ ដោយមិនមានដីកា ឬការដឹងឮអ្វីទាំងអស់ពីព្រះរាជអាជ្ញា..ដោយចោទខ្ញុំពីបទ រំលោភទំនុកចិត្ត ទាំងដែលនគរបាលទេសចរណ៍ មិនមានសមត្ថកិច្ចអ្វីសោះទៅលើរឿងនេះ។ បន្ទាប់ពីចាប់ខ្លួនខ្ញុំមកដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំបានឃើញឈ្មោះ លឹម កុកជាំង ឈ្មោះ ឡាច បុទុមវត្តី ឈ្មោះ រុន រ័ត្នវាសនា និងបក្ខពួក។ ហើយពួកគេបានប្រគល់ទូរសព្ទរបស់ខ្ញុំដែលបានដកហូតមកឱ្យខ្ញុំវិញ និងបង្ខំឱ្យខ្ញុំបើកគណនីធនាគាររបស់ខ្ញុំទាំងអស់ រួមទាំងគណនីធនាគារអេស៊ីលីដា ឱ្យគាត់ឆែកមើល។ ក្រោយពីឆែកមើលរួចរាល់ហើយ ពួកគាត់ ដឹងថា ក្នុងគណនីធនាគារអេស៊ីលីដា មានលុយចំនួន៥០៥០០០ (៥សែន៥ពាន់) ដុល្លារអាម៉េរិក ជារបស់បងស្រីខ្ញុំ ឈ្មោះ សុខ គីម»។

ជនរងគ្រោះឱ្យដឹងបន្តថា៖«លុះដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឈ្មោះ លឹម កុកជាំង ឈ្មោះ ឡាច បុទុមវត្ថី ឈ្មោះ រុន រ័ត្នវាសនា និងបក្ខពួក បានមកសម្លុតខ្ញុំឱ្យទៅបើកប្រាក់សុទ្ធទាំងអស់ចំនួន៥សែន៥ពាន់ដុល្លារអាម៉េរិក ជាលុយបងស្រី សុខ គីម ចេញពីគណនីអេស៊ីលីដា ទៅឱ្យជនសង្ស័យ បើមិនបើក ហើយប្រគល់ឱ្យពួកគេទេ ពួកគេនឹងយកខ្ញុំទៅដាក់គុករយៈពេល២០ឆ្នាំ។ នៅព្រឹកថ្ងៃដដែល ឈ្មោះ រុន រ័ត្នវាសនា បានឱ្យបក្ខពួកមួយក្រុមធំ យកខ្ញុំទៅធនាគារអេស៊ីលីដា ការិយាល័យកណ្តាលជិតមន្ទីរពេទ្យកាល់ម៉ែត ដោយមានការរៀបចំទុកជាមុន ដើម្បីបើកលុយសុទ្ធចំនួន៥សែន៥ពាន់ដុល្លារអាម៉េរិក។ ខ្ញុំ..បានបើកលុយ៥សែន៥ពាន់ដុល្លារអាម៉េរិក ហើយបានប្រគល់ឱ្យពួកគេ ហើយពួកគេបានដឹកខ្ញុំមកវិញ និងបន្តការឃុំខ្ញុំរហូតដល់ម៉ោងប្រហែល៤រសៀល ហើយឈ្មោះ លឹម កុកជាំង ឈ្មោះ ឡាច បុទុមវត្ថី ឈ្មោះ រុន រ័ត្នវាសនា និងបក្ខពួក ក៏បានយកឯកសារមួយចំនួន ដែលខ្ញុំមិនដឹងជាឯកសារអ្វីឡើយ មកបង្ខំឱ្យខ្ញុំផ្តិតមេដៃ រួចទើបបានលែងខ្ញុំចេញទៅផ្ទះវិញ»៕





