
ទីក្រុងស៊ីដនី៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិនៅប្រទេសអូស្ត្រាលី កាលពីយប់ថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ ប៉ុន្តែកីឡាករថៃ វ៉ៃតំណាងអូស្ត្រាលី ឈ្មោះ សុងរ៉ ផេតយិនឌី ដែលត្រូវបានគណៈកម្មការរៀបចំការប្រកួតសម្រេចមោឃភាពបណ្តេញចេញពីការប្រកួត ព្រោះតែធ្វើទម្ងន់មិនបានតាមការកំណត់ បែរជាមកបង្កភាពវឹកវរពេញកម្មវិធី ដោយប្រើកាយវិការច្រឡោងខាម និងបង្កហិង្សាលើក្រុមប្រតិភូកីឡាកម្ពុជាថែមទៀត...។

មែនទែនទៅ កម្មវិធីប្រកួតប្រដាល់គុនខ្មែរ Cambodia Kun Khmer Best Of The Best នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី មានការរៀបចំបានយ៉ាងល្អពីសំណាក់ក្រុមការងារបច្ចេកទេសទាំងខាងអូស្ត្រាលី និងខាងកម្ពុជា ដោយតម្រូវឱ្យមានកីឡាករ-កីឡាការិនីកម្ពុជាចំនួន៦នាក់ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរកម្រិតអន្តរជាតិមួយនេះ។ ព្រឹត្តិការណ៍ប្រកួតដណ្តើម និងការពារខ្សែក្រវាត់គុនខ្មែរអន្តរជាតិ (KIF) និងការប្រកួតមិត្តភាពនេះ គឺ កីឡាករគឹម វាសនា បានប្រកួតចាញ់កីឡាករអូស្ត្រាលី ជីមមី ហ្វស្ទ័រ នៅទឹកទី៤, កីឡាការិនី ទូច ចាន់វត្តី ប្រកួតចាញ់ពិន្ទុ កីឡាការិនី ហ្វ្លើ វ៉ារូ ប៉ុន្តែឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ (KIF) ក៏ព្រោះតែ កីឡាការិនី ហ្វ្លើ វ៉ារូ ធ្វើគីឡូមិនបានត្រូវតាមការកំណត់។

រីឯ កីឡាករ ពេជ្រ អាទិទេព បានយកឈ្នះ កីឡាករ អាលី ណាហ្សារី នៅទឹក១ បន្ទាប់ពីវាយចំផ្ទៃមុខពេញមួយដៃ ធ្វើឱ្យ កីឡាករ ពេជ្រ អាទិទេព បន្តគ្រប់គ្រងខ្សែក្រវាត់របស់ខ្លួនជាបន្តទៀត។ ចំណែក គូការពារខ្សែក្រវាត់មួយគូទៀត គឺ កីឡាករ ប៊ឺត សង្ឃឹម បានឈ្នះពិន្ទុលើ កីឡាករ សូឡៃម៉ាន់ ហាសេមី និងគូឯកប្រចាំព្រឹត្តិការណ៍ កីឡាករ ពេជ្រ សម្បត្តិ ផ្តួលកីឡាករថៃ វាយតំណាងអូស្ត្រាលី ជុនឡាគិត ឆុមប្រាម នៅទឹកទី២ ការពារខ្សែក្រវាត់របស់ខ្លួនបានសម្រេចផងដែរ។ យ៉ាងណា ក្រោយចប់ការប្រកួតរវាងកីឡាករ ពេជ្រ សម្បត្តិ ភ្លាម កីឡាករថៃ វាយតំណាងអូស្ត្រាលីមួយរូបទៀត ឈ្មោះ សុងរ៉ ផេតយិនឌី ដែលត្រូវប្រកួតមិត្តភាពជាមួយ កីឡាករ ឡុង សំណាង បានឡើងមកលើរេញ បង្កភាពរញ៉េរញ៉ៃពេញសង្វៀន ធ្វើឱ្យមានការប៉ះទង្គិចពាក្យសម្តីគ្នាមួយប្រាវ រវាងភាគីអ្នកគាំទ្រគុនខ្មែរនៅអូស្ត្រាលី និងក្រុមការងាររបស់កីឡាករ សុងរ៉ ផេតយិនឌី។

ដោយឡែក នៅព្រឹកថ្ងៃសៅរ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ មានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី មកកាន់សហការី SBM News នៅរាជធានីភ្នំពេញ ថា លោក ខូវ ឆាយ និងតំណាងគណៈកម្មការរៀបចំការប្រកួតគុនខ្មែរ អាចនឹងដាក់ពាក្យបណ្តឹងលើ កីឡាករ សុងរ៉ ផេតយិនឌី ជុំវិញសកម្មភាពបង្កការរំខានកម្មវិធី និងប្រើអំពើហិង្សាលើក្រុមអត្តពលិកគុនខ្មែរពីខាងប្រទេសកម្ពុជា។ ហើយចំពោះចំណាត់ការផ្លូវច្បាប់នេះយ៉ាងណានោះ នឹងមានការជូនដំណឹងនៅពេលក្រោយទៀត។ ទោះយ៉ាងណាក៏ដោយ បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា ដែលបានទស្សនាការផ្សាយផ្ទាល់ បានសម្ដែងការខឹងសម្បារជាខ្លាំង ដែលកីឡាករថៃរូបនោះ អុកឡុកកម្មវិធីប្រដាល់គុនខ្មែរ ដោយមានការសំណូមពរឱ្យខាងអ្នករៀបចំកម្មវិធីប្រដាល់អូស្ត្រាលី ចេញមុខពន្យល់ជុំវិញហេតុការណ៍ទាំងអស់នេះផងដែរ៕





