ស៊ី ជីនពីង៖ AI មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ប្រទេសណាមួយឡើយ
ហៀប ស៊ីថេត
14 ម៉ោងមុន

ទីក្រុងសៀងហៃ៖ ក្នុងសន្និសីទដ៏ធំមួយនាទីក្រុងសៀហៃនៅថ្ងៃសុក្រទី១៧ ខែកក្កដានេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានថ្លែងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (ឬ AI) មិនគួរត្រូវបានគ្រប់គ្រង ឬត្រួតត្រាផ្ដាច់មុខដោយប្រទេសតែមួយនោះឡើយ ពោលគឺត្រូវមានកិច្ចសហប្រតិបត្តិការអន្តរជាតិ លើការអភិវឌ្ឍវិស័យនេះ...។

បច្ចុប្បន្ន AI របស់ចិន កំពុងប្រដេញតាមបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតរបស់សហរដ្ឋអាម៉េរិក ហើយបច្ចេកវិទ្យា AI របស់ចិន កំពុងទាក់ទាញអ្នកប្រើប្រាស់ទូទាំងពិភពលោក ជាមួយនឹងតម្លៃសមរម្យជាង។ ទោះជាយ៉ាងណា របៀបគ្រប់គ្រងវិស័យនេះ បានក្លាយជាប្រធានបទក្ដៅ ខណៈក្ដីបារម្ភជុំវិញ AI ក្នុងវិស័យយោធា ឬការយកវាទៅប្រើប្រាស់ដោយក្រុមហែកឃ័រ (Hackers) និងក្រុមភេរវករ កំពុងមានការកើនឡើង។ «ការអភិវឌ្ឍ AI មិនគួរជាការសម្ដែងទោលដោយប្រទេសតែមួយនោះទេ ប៉ុន្តែវាគួរតែត្រូវមានកិច្ចសហប្រតិបត្តិការអន្តរជាតិ» នេះបើតាមសម្តីលោក ស៊ី ជីនពីង ថ្លែងនៅក្នុងពិធីបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត(WAIC)។ លោកបានបន្ថែមថា៖«យើងគួរតែរួមគ្នាប្រឆាំងនឹងការទាញពង្រីកហួសហេតុនូវគំនិតសន្តិសុខជាតិ នៅក្នុងវិស័យ AI»។

សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បានដាក់កម្រិតលើការនាំចូលបច្ចេកវិទ្យារបស់ចិន ដោយលើកឡើងពីក្ដីបារម្ភផ្នែកសន្តិសុខជាតិ។ លោក ពូ ចាវ (Poe Zhao) មកពីស្ថាប័នវិភាគ Hello China Tech បានលើកឡើងថា៖«សហរដ្ឋអាម៉េរិកនៅតែរក្សាការនាំមុខយ៉ាងច្បាស់លាស់លើបន្ទះឈីបកម្រិតខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រឈានមុខ និងការអភិវឌ្ឍម៉ូឌែល (AI) ដែលប្រើប្រាស់ដើមទុនច្រើនបំផុត។ ប៉ុន្តែ ចិនគឺជាគូប្រជែងដ៏ខ្លាំងបំផុតរបស់អាម៉េរិក»។ សន្និសីទ WAIC រយៈពេល៤ថ្ងៃនេះ បានទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាចិនជាង១០០០ រួមជាមួយមន្ត្រីរាជការ អ្នកស្រាវជ្រាវ និងបុគ្គលសំខាន់ៗក្នុងឧស្សាហកម្មនេះ។ ផលិតផលប្រហែល៣០០០ ត្រូវបានដាក់បង្ហាញ ដូចជា ប្រព័ន្ធបន្ទះឈីប ឬ Semiconductor ដ៏មានឥទ្ធិពល សម្រាប់ការគណនា AI និងទូរសព្ទឆ្លាតវៃដែលអាចបញ្ជាកម្មវិធីផ្សេងៗដោយស្វ័យប្រវត្តិ។ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា៖«យើងគួរតែបង្កើតច្បាប់ និងបទប្បញ្ញត្តិ ការត្រួតពិនិត្យបច្ចេកវិទ្យា ការព្រមានទុកជាមុន និងប្រព័ន្ធឆ្លើយតបបន្ទាន់ ដើម្បីធានាថា AI គឺស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្សជានិច្ច»។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ WAIC នេះដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត