ក្រុមសិទ្ធិមនុស្ស ទទូចឱ្យថៃកុំនិរទេសខ្លួនអ្នកកាសែតចិន ទៅប្រទេសកំណើតវិញ
ហៀប ស៊ីថេត
9 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ ក្រុមសិទ្ធិមនុស្សមួយចំនួន បានទទូចសុំកុំឱ្យប្រទេសថៃនិរទេសខ្លួនអ្នកកាសែតចិនម្នាក់ ដែលធ្លាប់បានស៊ើបអង្កេតលើករណីពុករលួយនៅក្នុងប្រទេសចិន ដោយព្រមានថា រូបលោកនឹងត្រូវប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងការធ្វើទារុណកម្មនៅពេលត្រឡប់ទៅស្រុកកំណើតវិញ...។

អង្គការអ្នករាយការណ៍គ្មានព្រំដែន និងអង្គការ Safeguard Defenders ដែលជាក្រុមសិទ្ធិមនុស្សផ្តោតលើតំបន់អាស៊ី មានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា លោក បៃ ចាវដុង (Bai Zhaodong) កំពុងប្រឈមមុខនឹងហានិភ័យនៃការបណ្តេញចេញ ពីព្រោះមានសម្ពាធរបស់រដ្ឋធានីប៉េកាំងទៅលើរាជធានីបាងកក ជុំវិញរបាយការណ៍ស៊ើបអង្កេតរបស់លោក ស្តីពីរដ្ឋាភិបាលចិន។ គេនៅចាំបានថា អាជ្ញាធរថៃ បានឃាត់ខ្លួនលោក បៃ ចាប់តាំងពីខែមករា ឆ្នាំ២០២៦ មកម្ល៉េះ ដោយហាមឃាត់មិនឱ្យលោកចាកចេញពីប្រទេសថៃឡើយ ហើយរូបលោកកំពុងត្រូវបានឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលអន្តោប្រវេសន៍មួយកន្លែង ក្នុងរាជធានីបាងកក នេះបើតាមក្រុមសិទ្ធិមនុស្សទាំង២ខាងលើ។ យ៉ាងណា ក្រសួងការបរទេសចិន និងថៃ មិនទាន់ឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ។

លោក បៃ ចាវដុង 
លោក បៃ ចាវដុង 

យោងតាមក្រុមសិទ្ធិមនុស្ស លោក បៃ បានលាតត្រដាងអំពីបណ្តាញពុករលួយ និងការលួចបន្លំហិរញ្ញវត្ថុដ៏ធំមួយ ដែលរៀបចំឡើងដោយមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន និងមន្ត្រីជាន់ខ្ពស់នៅក្នុងជួរគណបក្សកុម្មុយនីស្ដចិន។ ក្រោយមក លោក បៃ បានភៀសខ្លួនចេញពីប្រទេសចិន នៅក្នុងឆ្នាំ២០២៣ ហើយនៅឆ្នាំបន្ទាប់ ការិយាល័យសន្តិសុខសាធារណៈនៅទីក្រុងយូលីន(Yulin) នៃប្រទេសចិន បានចេញដីកាចាប់ខ្លួនរូបលោក។ ជាមួយគ្នា អង្គការសិទ្ធិមនុស្សអន្តរជាតិ Safeguard Defenders និងអង្គការអ្នករាយការណ៍គ្មានព្រំដែន បានរួមគ្នាអំពាវនាវឱ្យអាជ្ញាធរថៃ ទប់ទល់នឹងសម្ពាធពីរដ្ឋធានីប៉េកាំង និងបញ្ឈប់គម្រោងបញ្ជូនខ្លួនលោក បៃ ទៅប្រទេសចិនវិញ។ ស្ថាប័នទាំង២ព្រមានថា ប្រសិនបើត្រូវបាននិរទេស លោក បៃ នឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ជាក់ស្តែង ដូចជាការធ្វើទារុណកម្ម និងការបាត់ខ្លួនដោយបំពាន ខណៈចិនកំពុងល្បីល្បាញខាងការធ្វើទុក្ខបុកម្នេញលើអ្នកកាសែតជាប្រព័ន្ធ និងជាប្រទេសដែលចាប់អ្នកកាសែតដាក់គុកច្រើនជាងគេបំផុតលើលោក រហូតដល់១២០នាក់ នាពេលបច្ចុប្បន្ន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត