សម្តេចធិបតី ស្នើឱ្យក្រុមហ៊ុនចិនខ្នាតយក្ស ជួយបណ្តុះបណ្តាលជំនាញកសាងហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្មដល់ពលរដ្ឋកម្ពុជា
Mao Sopha
19 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក យ៉េ វ៉ីដុង (Ye Weidong) ប្រធានក្រុមហ៊ុន Shanghai Construction Group (SCG) ជាក្រុមហ៊ុនខ្នាតធំមួយរបស់ចិន បានជួបពិភាក្សាការងារ នៅប្រទេសចិន កាលរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ សម្តេច បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក​នៅចិន ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបជាមួយមេដឹកនាំកម្ពុជា លោក យ៉េ វ៉ីដុង លើកឡើងថា ក្រុមហ៊ុនលោក បានបោះទុនវិនិយោគនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤មក ដោយបានចូលរួមអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជា ផ្លូវថ្នល់ ទំនប់វារីអគ្គិសនី និងស្ពានធំៗ ជាដើម។ លោក បន្តថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងប្រតិបត្តិការលើគម្រោងកសាងផ្លូវជាតិចំនួន២ខ្សែបន្ថែមទៀតនៅកម្ពុជា។ លោក បង្ហាញបំណងក្រុមហ៊ុនថា នឹងពង្រីកការវិនិយោគរបស់ខ្លួនលើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជាបន្ថែមទៀត

រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន

សម្តេចនាយករដ្ឋមន្រ្តី ឆ្លើយតបថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់។ សម្តេច បានបញ្ជាក់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាល ដល់ប្រតិបត្តិការអាជីវកម្ម និងការអនុវត្តគម្រោងនានារបស់ក្រុមហ៊ុននៅកម្ពុជា។ ជាមួយគ្នា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្សលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាជំនាញវិស្វកម្ម​ដល់ពលរដ្ឋកម្ពុជា។ បន្ថែមពីនេះ មេដឹកនាំកម្ពុជា លើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់កិច្ចសហការ​ឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីជំរុញភាពជោគជ័យរបស់ក្រុមហ៊ុនថែមទៀត៕

រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត