ត្រឹមមួយថ្ងៃ! មន្ទីរពេទ្យគន្ធបុប្ផា ទទួលព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះជិត៤ពាន់នាក់
S
Sreyleak Yith
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ ត្រឹមរយៈពេលមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលពិនិត្យ ក៏ដូចជាព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះ ចំនួន៣៧៧៩នាក់។ នេះបើយោងតាមការឱ្យដឹងពីមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី១៧កក្កដានេះ...។

មូលនិធិគន្ធបុប្ផា គូសបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺដែលមកពិនិត្យ និងព្យាបាលទាំងនោះ កុមារមានជំងឺធ្ងន់ធ្ងរត្រូវសម្រាកផ្ទាល់នៅមន្ទីរពេទ្យ មានចំនួន៨៣១នាក់។ បន្ថែមលើនេះ កុមារដែលមកព្យាបាលថ្មី កាលពីថ្ងៃម្សិលមិញ ក៏មានកុមារដែលកំពុងព្យាបាលក្នុងមន្ទីរពេទ្យស្រាប់មានចំនួន៣០៣៦នាក់ ក្នុងនោះមានជំងឺគ្រុនឈាមរហូតដល់៦៤៧នាក់។ មន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវឱ្យអាណាព្យាបាលមានការប្រុងប្រយ័ត្ន ខណៈត្រឹមរយៈពេលពេញ១ខែមិថុនា ឆ្នាំ២០២៦ ករណីកុមារកើតជំងឺគ្រុនឈាមចូលទទួលសេវាព្យាបាលកើនដល់១៨៩២នាក់។ រោគសញ្ញាជំងឺ«គ្រុនឈាម» ដែលងាយកត់សម្គាល់ គឺអ្នកជំងឺក្ដៅខ្លួនខ្លាំង ចាប់ពី៣៩ទៅ៤០អង្សាសេ។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផា ក៏បានអំពាវនាវដល់សាធារណជនបន្តបរិច្ចាគគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ព្រោះការបរិច្ចាគរបស់អ្នកទាំងអស់គ្នា ពិតជាសំខាន់ណាស់ សម្រាប់ចូលរួមសង្គ្រោះជីវិតកុមារ ដែលជាអនាគតយ៉ាងភ្លឺស្វាងរបស់កម្ពុជា។ គួរជ្រាបថា ការផ្ដល់សេវាពិនិត្យ និងព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺមិនគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងផ្តល់សេវាដោយស្មើភាព មិនមានការរើសអើងឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត