៥ខែ មន្ទីរពេទ្យគន្ធបុប្ផា ចំណាយថវិកាអស់១៨លានដុល្លារ លើការពិនិត្យព្យាបាលកុមារ
S
Soriya Sou
05 មិថុនា 2025 08:00 AM

រាជធានីភ្នំពេញ៖ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ប្រមាណ១៨លានដុល្លារអាម៉េរិក លើការពិនិត្យព្យាបាលកុមារ និង​ស្ត្រី​ប្រមាណជាង៦០ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៥មិថុនានេះ…។

រូបភាពពី Internet
រូបភាពពី Internet

របាយការណ៍បានគូសបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យព្យាបាលកុមារឈឺ និង​ស្ត្រី​មានផ្ទៃពោះ ដោយឥតគិតថ្លៃចំនួន៥៣៥ ៣៧៧នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ៥ខែ មកនេះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានទទួលកុមារមានជំងឺធ្ងន់ៗចំនួន៧៧៩៩៥នាក់, កុមារមានជំងឺគ្រុនឈាមចំនួន១៧១៦នាក់ ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងបានធ្វើការវះកាត់ទូទៅដល់កុមារចំនួន១៣១៨៤នាក់, វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម ដល់កុមារបានចំនួន៤៥៨នាក់ ខណៈអត្រាមរណភាពកុមារក្នុងមន្ទីរពេទ្យគន្ធបុប្ផា មានចំនួន០.៣ភាគរយ។ ដោយឡែក ចំពោះ​ស្ត្រី​សម្រាលកូននៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) មានចំនួន៧៨២៩នាក់។ បើបូកបញ្ចូលគ្នា អ្នកជំងឺដែលទទួលបានការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា រយៈពេល៥ខែមកនេះមានជាង៦០ម៉ឺននាក់ នាំឱ្យមន្ទីរពេទ្យចំណាយថវិកាអស់១៨លានដុល្លារអាម៉េរិក។

រូបភាពពី មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ
រូបភាពពី មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

ដោយសារ តែការចំណាយដ៏ច្រើនលើសលប់បែបនេះហើយ ទើបមន្ទីរពេទ្យ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគថវិកា ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យនេះក្នុងការជួយសង្រ្គោះជីវិតកុមារកម្ពុជាជាបន្តទៀត។ កាលពីថ្ងៃអាទិត្យទី១មិថុនាកន្លងទៅ មូលនិធិគន្ធបុប្ផាកម្ពុជា បានបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការនេះ មានរយៈពេលពេញមួយខែមិថុនា ដើម្បីជាការរំឭក និងជំរុញឱ្យមានចលនាកៀរគរបន្តបរិច្ចាគថវិកា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមមួយគឺនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំង​ស្ត្រី​មានផ្ទៃពោះនៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភពដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
រូបភាពពី មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ
រូបភាពពី មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត