ក្រុងសៀមរាប៖ ស្ត្រី និងកុមារ២៩៥នាក់ មកពីគ្រួសារភៀសសឹក រួមទាំងក្រុមគ្រួសារវីរកងទ័ពដែលរងគ្រោះពីការឈ្លានពានរបស់យោថៃ កំពុងទទួលបានការពិនិត្យ ថែទាំ ព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប…។

ក្នុងចំណោមស្ត្រី និងកុមារជិត៣០០នាក់ខាងលើ មានស្ត្រីមានផ្ទៃពោះជិតសម្រាល និងសម្រាលរួច៨៧នាក់ និងកុមារ២០៦នាក់។ នេះបើតាមការបញ្ជាក់របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ លោក យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានឱ្យដឹងថាសមាជិកគ្រួសារភៀសសឹក និងគ្រួសារវីរកងទ័ពកម្ពុជា ដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ភាគច្រើនមកទទួលពិនិត្យផ្ទៃពោះ និងសម្រាល ខណៈកុមារមកទទួលការវះកាត់ ព្យាបាល និងជំងឺទូទៅ។ លោកថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផានឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីព្យាបាលព្រមទាំងផ្តល់ភាពកក់ក្ដៅដល់ទារក និងកុមារទាំងអស់ ជាពិសេស គ្រួសារភៀសសឹក និងគ្រួសារវីរកងទ័ពដែលកំពុងជាប់ដៃប្រយុទ្ធកម្ចាត់យោធាថៃឈ្លានពាន។

លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងភៀសសឹក និងគ្រួសាររបស់វីរកងទ័ពកម្ពុជា ជាស្ត្រីមានផ្ទៃពោះ និងកុមារ ដែលកំពុងមានតម្រូវការពិនិត្យ ព្យាបាល និងសម្រាល សូមអញ្ជើញមកមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទទួលបានការពិនិត្យ សម្រាល និងព្យាបាលជំងឺនានាឥតគិតថ្លៃ ប្រកបដោយគុណភាព ដោយគ្មានការរើសអើង។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ធ្នូ ការឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជាដោយមិនរើសគោលដៅ បណ្ដាលឱ្យពលរដ្ឋស៊ីវិល១៧នាក់ស្លាប់ និង៧៧នាក់រងរបួស។ ចំណែកពលរដ្ឋប្រមាណជាង១៣ម៉ឺនគ្រួសារ ស្មើនឹងជាង៤៣ម៉ឺននាក់ ក្នុងនោះមានស្ត្រី២២ម៉ឺន២ពាន់នាក់ និងកុមារ១៣ម៉ឺន៤ពាន់នាក់ ក្នុងខេត្តជាប់ព្រំដែនចំនួន៧ ត្រូវរត់ភៀសខ្លួន៕




