
រាជធានីភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី៧វិច្ឆិកានេះ បានប្រកាសពីតួលេខពិនិត្យ និងព្យាបាលជំងឺកុមារ កាលពីខែតុលាឆ្នាំ២០២៥ ដោយមានកុមារសរុបប្រមាណ១២៧ ១៥៨នាក់ បានទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ប្រកបដោយគុណភាព…។

ក្នុងចំណោមកុមារទាំងជិត១៣ម៉ឺននាក់នេះ មានកុមារចំនួន៩៧៥២៩នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកជំងឺក្រៅ, កុមារមានជំងឺធ្ងន់ចំនួន២៣៨០៧នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ, កុមារមានជំងឺគ្រុនឈាមចំនួន៣០៨០នាក់, កុមារបានទទួលការវះកាត់ចំនួន២៦៦៩នាក់ និង៧៣នាក់ទៀត បានវះកាត់ភ្ជិតបេះដូងប្រហោងពីកំណើត។ សូមជម្រាបថា រាល់ការព្យាបាលទាំងអស់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង។

ការព្យាបាលកុមារដោយឥតគិតថ្លៃ ធ្វើឱ្យមន្ទីរពេទ្យគន្ធបុប្ផាត្រូវចំណាយថវិកាយ៉ាងច្រើនជារៀងរាល់ខែ ពោលគឺរាប់លានដុល្លារអាម៉េរិក ទើបទាមទារឱ្យមានការចូលរួមបរិច្ចាគថវិកាពីសប្បុរសជន ដើម្បីរួមចំណែកទ្រទង់មន្ទីរពេទ្យនេះក្នុងការជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជាជាបន្តទៀត។ ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផា បានមានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផាបានដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមច្ចុរាជ និងបានរួមចំណែកជួយឱ្យកុមារទាំងនោះ ក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។ ដូច្នេះ លោកជំទាវបណ្ឌិត ចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យគន្ធបុប្ផា ជាការធ្វើទានដ៏ត្រឹមត្រូវជួយឱ្យកុមារកម្ពុជាទទួលបានឱកាស និងមានអនាគតល្អ៕




