ក្តៅគគុក! មុនជួបអេស្ប៉ាញ អាហ្សង់ទីន ផ្ទុះរឿងអាស្រូវជុំទិស ទាំងរឿងអាជ្ញាកណ្ដាលលម្អៀង និងរឿងលើកបដានយោបាយលើទីលាន
ហៀប ស៊ីថេត
2 ថ្ងៃមុន

World Cup៖ ក្រុមបាល់ទាត់ជម្រើសជាតិ[ពពក-សអាហ្សង់ទីន] ដែលជាក្រុមការពារតំណែងជើងឯកពិភពលោក កំពុងស្ថិតក្នុងភាពចម្រូងចម្រាសយ៉ាងខ្លាំង ទាំងនៅលើទីលាន និងក្រៅទីលាននាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 មុនពេលឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ជាមួយក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ...។

ទន្ទឹមនឹងការឈានជើងឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup 2026 ភាពមិនសប្បាយចិត្ត និងការមិនពេញចិត្តចំពោះក្រុមអាហ្សង់ទីន បានផ្ទុះឡើងជាសកល តាមរយៈការបង្កើតយុទ្ធនាការចុះហត្ថលេខាអនឡាញមួយ នៅលើគេហទំព័រ argentinaout.com ដែលទាមទារឱ្យសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (ឬFIFA) បណ្តេញក្រុមជម្រើសជាតិអាហ្សង់ទីន ចេញពីព្រឹត្តិការណ៍ World Cup នេះ ដោយសារតែសង្ស័យថាមាន «ភាពលម្អៀង» ពីសំណាក់អាជ្ញាកណ្ដាលទៅលើកីឡាករ លីអូណែល មេសស៊ី (Lionel Messi) និងសមាជិកក្រុម។ យុទ្ធនាការនេះ ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ដោយមានអ្នកចុះហត្ថលេខារហូតដល់ជាង​១០លាននាក់។ ដើមចមនៃយុទ្ធនាការប្រឆាំងនេះ បានចាប់ផ្តើមតាំងពីការប្រកួតបើកឆាកជាមួយអាល់ហ្សេរី ដែលនៅពេលនោះ កីឡាករ លីអូណែល មេសស៊ី បានរួចផុតពីការពិន័យកាត ក្រោយបង្កកំហុសធ្ងន់ធ្ងរ។ ភាពចម្រូងចម្រាសនេះ បានពុះកញ្ជ្រោលខ្លាំងនៅក្នុងវគ្គ៣២ក្រុមចុងក្រោយជាមួយអេហ្ស៊ីប ដែលភាគីអេហ្ស៊ីបបានសម្ដែងការមិនសុខចិត្តយ៉ាងខ្លាំង និងបានចោទប្រកាន់ថា ប្រព័ន្ធ VAR ត្រូវបានប្រើប្រាស់ដោយអយុត្តិធម៌ ដើម្បីជួយសម្រួលឱ្យអាហ្សង់ទីនបានឡើងទៅវគ្គបន្ត។

មិនទាន់ដោះស្រាយរឿងរ៉ាវចោទប្រកាន់ជ្រះស្រឡះផង ក្រុមជម្រើសជាតិអាហ្សង់ទីនបានជួបរឿងថ្មីមួយទៀត ក្រោយការប្រកួតឈ្នះក្រុមជម្រើសជាតិតោកំណាចអង់គ្លេសយ៉ាងស្វិតស្វាញ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កីឡាករអាហ្សង់ទីន បានយកបដាមួយពីអ្នកគាំទ្រដែលសរសេរថា «Las Malvinas son Argentinas ឬមានន័យជាខេមរភាសាថា កោះហ្វកឡែន ឬម៉ាល់វីណាស់ ជារបស់អាហ្សង់ទីន» ទៅអបអរសាទរជ័យជម្នះលើអង់គ្លេស។ សកម្មភាពនេះ បានរំលោភលើច្បាប់តឹងរ៉ឹងរបស់ FIFA និងក្រុមប្រឹក្សា IFAB ដែលហាមដាច់ខាតនូវការបង្ហាញស្លាកសញ្ញា ពាក្យស្លោក ឬរូបភាពពាក់ព័ន្ធនឹងនយោបាយ សាសនា ឬរឿងផ្ទាល់ខ្លួន។ សូមជម្រាបថា ជម្លោះដណ្តើមការគ្រប់គ្រងកោះហ្វកឡែន ឬម៉ាល់វីណាស់នេះ ធ្លាប់បានបង្កជាសង្គ្រាមបង្ហូរឈាមរវាងអង់គ្លេស និងអាហ្សង់ទីន កាលពីឆ្នាំ១៩៨២ ដែលបានបណ្ដាលឱ្យមនុស្សចំនួន ៩០៧នាក់បាត់បង់ជីវិត ក្នុងរយៈពេល៧៤ថ្ងៃនៃជម្លោះ ក្នុងចំណោមនោះ មានយោធាអាហ្សង់ទីន៦៤៩នាក់ យោធាអង់គ្លេស២៥៥នាក់ និងប្រជាជនស៊ីវិលរស់នៅលើកោះហ្វកឡែនចំនួន៣នាក់បានបាត់បង់ជីវិត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត