
រដ្ឋធានីវ៉ាស៊ីនតោន៖ យោងតាមលទ្ធផលនៃការស្ទង់មតិជាសកលចុងក្រោយបង្អស់របស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center ដែលបានចេញផ្សាយកាលពីថ្ងៃពុធទី១៥កក្កដា បានបង្ហាញពីរបត់នយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយមតិសាធារណៈសកលលោក បានផ្លាស់ប្ដូរទៅរកការគាំទ្រប្រទេសចិន ខ្លាំងជាងសហរដ្ឋអាម៉េរិក ដែលនេះជាលើកទីមួយហើយក្នុងរយៈពេលប្រហែល២០ឆ្នាំ នៃការតាមដានរបស់ Pew។

កត្តាដែលរុញច្រានឱ្យមានការផ្លាស់ប្ដូរដ៏ធំធេងនេះ គឺដោយសារតែភាពតានតឹងផ្នែកយោធា និងនយោបាយរវាងរដ្ឋបាលលោក ដូណាល់ ត្រាំ ជាមួយក្រុមប្រទេសសម្ព័ន្ធមិត្ត ក៏ដូចជាការផ្ទុះឡើងនៃសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់ និងវិបត្តិសង្រ្គាមនៅហ្គាហ្សា។ តាមទិន្នន័យពីការស្ទង់មតិលើមនុស្សជាង៤២០០០នាក់នៅក្នុងប្រទេស និងដែនដីចំនួន៣៦បង្ហាញថា មនុស្សនៅក្នុងប្រទេសចំនួន២៥ មានទស្សនៈវិជ្ជមានចំពោះចិនច្រើនជាងអាម៉េរិក ខណៈមានប្រទេសត្រឹមតែ៦ប៉ុណ្ណោះដែលនៅតែមើលឃើញអាម៉េរិកក្នុងផ្លូវល្អជាងចិន ក្នុងនោះរួមមាន៖ អ៊ីស្រាអែល ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ហ្វីលីពីន និងប៉ូឡូញ។ លើសពីនេះ មេដឹកនាំចិន លោក ស៊ី ជិនពីង ទទួលបានការទុកចិត្តខ្ពស់ជាងលោក ដូណាល់ ត្រាំ នៅក្នុងប្រទេសចំនួន២២ រួមទាំងប្រទេសមហាអំណាចអឺរ៉ុបដូចជា បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសផងដែរ។

អ្នកស្រី ឡូរ៉ា ស៊ីលវើរ (Laura Silver) នាយករងនៃការស្រាវជ្រាវរបស់ Pew បានពន្យល់ថា ការធ្លាក់ចុះប្រជាប្រិយភាពរបស់សហរដ្ឋអាម៉េរិក នាពេលនេះ គឺបន្ទាប់ពីពិភពលោកមើលឃើញថា សហរដ្ឋអាម៉េរិក មិនបានរួមចំណែកដល់សន្តិភាព និងស្ថិរភាពសកលលោកឡើយ គួបផ្សំនឹងទង្វើឯកតោភាគីរបស់លោក ត្រាំ ដូចជាការគំរាមចង់គ្រប់គ្រងកោះហ្គ្រីនឡែន (Greenland) ការបញ្ជូនទ័ពទៅចាប់ខ្លួនអតីតមេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងការដកពន្ធលើទំនិញកាណាដាជាដើម។ ផ្ទុយទៅវិញ ប្រទេសភាគច្រើន មើលឃើញថា ចិនគឺជាដៃគូដែលអាចទុកចិត្តបានជាង ក្នុងការជួយរក្សាសន្តិភាពសកល ទោះបីជាចិននៅតែរងការរិះគន់លើបញ្ហាសិទ្ធិសេរីភាពបុគ្គលក្ដី ប៉ុន្តែគម្លាតនេះកំពុងរួមតូចទៅៗ ដោយសារពលរដ្ឋនៅលើពិភពលោក លែងសូវជឿជាក់លើរដ្ឋាភិបាលអាម៉េរិក ដែលបច្ចុប្បន្នហាក់មិនមានការគោរពសិទ្ធិសេរីភាពពលរដ្ឋខ្លួន ដូចមុនទៀតហើយ៕



