អាម៉េរិកផលិតកាក់១ដុល្លារមានរូបលោក ត្រាំ ក្នុងខួបឯករាជ្យ២៥០ឆ្នាំ
N
Nary Vann
12 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក បានប្រកាសជាផ្លូវការអំពីគម្រោងផលិតប្រាក់កាក់ប្រភេទ១ដុល្លារ ដោយមានរំលេចរូបថតមុខរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីអបអរសាទរខួបលើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាម៉េរិកនៅក្នុងឆ្នាំ២០២៦នេះ ទោះបីជាមានការចោទសួរ និងជជែកដេញដោលគ្នាយ៉ាងខ្លាំង លើទង្វើនេះ ថាខុសច្បាប់ជាតិដែលហាមឃាត់ការប្រើប្រាស់រូបថតមនុស្សរស់លើរូបិយបណ្ណ...។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក លោក ស្កុត ប៊េសសិន (Scott Bessent) បានទម្លាយឱ្យដឹងថា រោងពុម្ពប្រាក់សហរដ្ឋអាម៉េរិក បានចាប់ផ្តើមដំណើរការផលិតកាក់នេះរួចរាល់ហើយ។ រូបរាងផ្នែកខាងមុខនៃកាក់នេះ មានទម្រង់មុខរបស់លោក ត្រាំ រួមជាមួយពាក្យ «Liberty», «In God We Trust» និងកាលបរិច្ឆេទប្រវត្តិសាស្ត្រ «1776-2026» ជានិមិត្តរូបតំណាងឱ្យការគម្រប់ខួប២៥០ឆ្នាំ គិតចាប់តាំងពីឆ្នាំដែលសហរដ្ឋអាម៉េរិក បានប្រកាសបង្កើតរដ្ឋ និងទទួលបានឯករាជ្យមក។ ចំណែកឯផ្នែកខាងក្រោយវិញ គឺជារូបសត្វឥន្ទ្រី ដែលចម្លងចេញពីត្រាផ្លូវការរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ លោក ត្រាំ មានប្រសាសន៍ថា លោកមានកិត្តិយសជាពន់ពេក ចំពោះការផ្ដល់ជូននូវលក្ខណៈពិសេសដ៏កម្រមួយនេះ។

ទោះជាយ៉ាងណា គម្រោងនេះបានបង្កឱ្យមានការជែកដេញដោល និងចោទសួរយ៉ាងខ្លាំងជុំវិញភាពស្របច្បាប់ ដោយសារច្បាប់សហរដ្ឋអាម៉េរិក ឆ្នាំ១៨៦៦ បានហាមឃាត់មិនឱ្យយកចម្លាក់ ឬរូបថតរបស់បុគ្គលដែលកំពុងមានជីវិតរស់នៅ មកបោះពុម្ពលើរូបិយបណ្ណជាតិឡើយ។ ម្យ៉ាងវិញទៀត បើទោះជាសភាសហរដ្ឋអាម៉េរិកបានអនុម័តច្បាប់កាលពីឆ្នាំ២០២០ អនុញ្ញាតឱ្យក្រសួងហិរញ្ញវត្ថុផលិតកាក់អនុស្សាវរីយ៍ខួប២៥០ឆ្នាំនេះក្ដី ប៉ុន្តែច្បាប់នោះ ក៏បានចែងច្បាស់ថា មិនឱ្យមានរូបមនុស្សរស់នៅលើកាក់នោះដែរ។ ទោះជាជួបបញ្ហានេះ លោក ប៊េសសិន បានចេញមុខការពារសេចក្ដីសម្រេចនេះ ដោយលើកឡើងថា កាលពីខួប១៥០ឆ្នាំរបស់សហរដ្ឋអាម៉េរិក (ឆ្នាំ១៩២៦) អតីតប្រធានាធិបតី លោក ខាល់វីន គូលីដ (Calvin Coolidge) ក៏ធ្លាប់ត្រូវបានគេដាក់រូបលើកាក់ទាំងកំពុងមានជីវិតរស់នៅដូចគ្នា ដូច្នេះ រដ្ឋបាលបច្ចុប្បន្ន នឹងនៅតែបន្តចេញផ្សាយកាក់នេះដដែល នៅក្នុងឆ្នាំ២០២៦៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត