ក្រុមហ៊ុនចិន១ចាប់ដៃគូជាមួយក្រុមហ៊ុនខ្មែរ បង្កើតរោងចក្រដំឡើងថេប្លេត ខណៈក្រុមហ៊ុន៨ទៀតកំពុងសម្លឹងរកឱកាសវិនិយោគ
S
Soriya Sou
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនចិនចំនួន៩ បានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ក្នុងនោះ មានក្រុមហ៊ុន១ បានសម្រេចចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា ទន្ទឹមនឹងក្រុមហ៊ុនចិន៨ទៀត ប្រកាសថា ខ្លួនចាប់អារម្មណ៍ស្វែងរកឱកាសពង្រីក និងបណ្ដាក់ទុនលើវិស័យសំខាន់ៗមួយចំនួន…។

ក្នុងជំនួបជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន លោក ទៅ យុនហ្វេង (Diao Yunfeng) អនុប្រធានក្រុមហ៊ុន Haier Group ជម្រាបជូនសម្តេចធិបតី ថា ក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុននាំមុខមួយរបស់ពិភពលោកក្នុងការផលិត និងផ្តល់ឧបករណ៍ និងសម្ភារសម្រាប់ការរស់នៅឆ្លាតវៃ និងបរិវត្តកម្មឌីជីថល។ បច្ចុប្បន្ន, ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅជាង៦០ប្រទេស និងមានអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនប្រមាណ៤៤លាននាក់ នៅជុំវិញពិភពលោក។ លោកបានជម្រាបពីផែនការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ដៃគូជាមួយក្រុមហ៊ុននៅកម្ពុជា បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ក្នុងគោលបំណងផ្តល់នូវឧបករណ៍អេឡិចត្រូនិក ដែលមានតម្លៃសមរម្យទៅដល់សិស្ស-និស្សិត ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើឱ្យកាន់តែទូលំទូលាយនូវការប្រើប្រាស់សម្ភារឌីជីថល និងការសិក្សាពីចម្ងាយផងដែរ។

សក្ដានុពលវិនិយោគនៅកម្ពុជា មិនមែនទាក់ទាញបានតែក្រុមហ៊ុនចិន១នេះទេ ប៉ុន្តែក្រុមហ៊ុនចិន៨ទៀត ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់ពង្រីកការវិនិយោគ និងខ្លះទៀតមិនធ្លាប់បណ្ដាក់ទុនសោះហើយចង់ស្វែងរកឱកាសបណ្ដាក់ទុនលើវិស័យសក្ដានុពលនៅកម្ពុជាដែរ។ ជាក់ស្ដែង តំណាងក្រុមហ៊ុនធំៗចំនួន រួមមាន៖ ១.ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone, ២.ក្រុមហ៊ុន China Energy International Group Co., Ltd., ៣.ក្រុមហ៊ុន CHINALCO (Aluminum Corporation of China), ៤.ក្រុមហ៊ុន China Railway Construction Corporation (CRCC), .ក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC) បានបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា។

វិស័យដែលអ្នកវិនិយោគចិនខាងលើចង់ពង្រីកនៅកម្ពុជា បន្ថែមរួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត, វិស័យកសិកម្ម, វិស័យថាមពលកកើតឡើងវិញ, វិស័យផលិតដែក, និងវិស័យធនធានរ៉ែ និងថាមពល, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ក៏ដូចជាសមាហរណកម្មវិនិយោគ ការសាងសង់ និងប្រតិបត្តិការផងដែរ។ ដោយឡែក ក្រុមហ៊ុន៣ទៀត មិនធ្លាប់មកវិនិយោគនៅកម្ពុជាសោះ រួមមាន៖ ១.ក្រុមហ៊ុន Yuanda Group, ២.ក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. និង៣.ក្រុមហ៊ុន Beijing Star AI កំពុងមានបំណងស្វែងរកឱកាសបណ្ដាក់ទុននៅកម្ពុជា លើវិស័យអប់រំ, កសិកម្ម, វិនិយោគលើបច្ចេកវិទ្យា AI និងបង្កើតរោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងការស្វាគមន៍ ចំពោះក្រុមហ៊ុនទាំងអស់ក្នុងការពង្រីក ក៏ដូចជាស្វែងរកកាលានុវត្តភាពវិនិយោគលើវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា នាពេលខាងមុខ។ សម្ដេចគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាជំរុញលើកទឹកចិត្តដល់ការផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលផលិតផលទាំងស្រុងពីក្រៅប្រទេស។សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនមិនធ្លាប់មកវិនិយោគសោះ រៀបចំធ្វើទស្សនកិច្ចការងារដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងរក និងចាប់យកឱកាសវិនិយោគជាក់ស្តែង។ ដោយឡែក ក្រុមហ៊ុនដែលកំពុងវិនិយោគស្រាប់ ហើយចង់ពង្រីកបន្ថែម សម្ដេចលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យក្នុងការវិនិយោគរបស់ខ្លួននៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត