
រាជធានីភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនចិន មកពីខេត្តក្វាងចូវ មានការចាប់អារម្មណ៍ខ្លាំងលើសក្ដានុពលរបស់កម្ពុជា ជាពិសេសសណ្ឋានដី ខណៈក្រុមហ៊ុនកំពុងស្វែងយល់បន្ថែម ដើម្បីយកធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តដាក់ទុនវិនិយោគក្នុងឧស្សាហកម្មឈើដាំ នៅកម្ពុជា…។

ក្នុងជំនួបផ្ទាល់ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងគណៈប្រតិភូក្រុមហ៊ុន Guangzhou Tiandi Forestry Co., Ltd មកពីខេត្តក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា ពិតជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ តាមការសិក្សារបស់លោក កម្ពុជាជាប្រទេសមួយដែលមានសក្តានុពលខ្ពស់សម្រាប់ឧស្សាហកម្មឈើដាំ ដោយសារភាពអំណោយផលនៃអាកាសធាតុ សណ្ឋានដី ទឹក និង មានផ្ទៃដីនៅសល់សម្រាប់ការដាំឈើ។ ដូច្នេះ លោកក៏សម្រេចចិត្តធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគបន្ថែមទៀត ក្នុងឧស្សាហកម្មឈើដាំ ដោយគ្រោងវិនិយោគតាំងពីដើមទីដល់ចុងទី។ មានន័យថា ក្រុមហ៊ុនគ្រោងវិនិយោគចាប់តាំងពីការបណ្ដុះកូនឈើ រហូតដល់ការកែច្នៃជាផលិតផលតែម្ដង។

ជាការឆ្លើយតប លោក ជា វុទ្ធី បានបង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន ព្រោះបច្ចុប្បន្ន កម្ពុជាបាននាំចូលវត្ថុធាតុដើមជាឈើពីក្រៅប្រទេស សម្រាប់យកមកកែច្នៃជាគ្រឿងសង្ហារិម។ មួយវិញទៀត យោងតាមច្បាប់វិនិយោគ និងបទដ្ឋានគតិយុត្តិផ្សេងៗ គម្រោងប្រភេទនេះ ត្រូវទទួលបានការលើកទឹកចិត្ត ដែលនេះជាឱកាសល្អបំផុត។ លោកអគ្គលេខាធិការ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនខាងលើ រួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគក្នុងវិស័យដែលកំពុងមានសក្តានុពលនេះ ដើម្បីអាចឈានទៅទទួលបានផលចំណេញនាពេលដ៏ខ្លីខាងមុខ។ គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរង់ចាំទទួលពាក្យសុំចុះបញ្ជីគម្រោងវិនិយោគពីក្រុមហ៊ុនដោយក្ដីរីករាយបំផុត៕




