
រាជធានីភ្នំពេញ៖ បន្ទាប់ពីបានមកស្វែងយល់បរិយាកាសវិនិយោគនៅកម្ពុជា ក្រុមហ៊ុនដ៏ធំឈានមុខគេមួយរបស់ចិន កំពុងស្វែងរកទីតាំងបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតស្រោមដៃពេទ្យ នៅក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប…។

លោក តាយ ស៊ូមីង អគ្គនាយករងក្រុមហ៊ុន Shijiazhuang Hongray Group (ហ្ស៊ីជាជួង ហុងរ៉េ) មកពីខេត្តហឺប៉ី ប្រទេសចិន បានបញ្ជាក់ប្រាប់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១៥មករា ឆ្នាំ២០២៦នេះថា ក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុនឈានមុខគេដ៏ធំមួយនៅប្រទេសចិន មានបទពិសោធប្រមាណ៣០ឆ្នាំមកហើយ ក្នុងការផលិតស្រោមដៃពេទ្យ នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។ លោកបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលក្រុមហ៊ុន Shijiazhuang Hongray Group បានមកសិក្សាស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា ខណៈលើកនេះ ក្រុមហ៊ុនមានបំណងស្វែងរកទីតាំងដើម្បីបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ ដោយមានខ្សែច្រវាក់ផលិតកម្មចំនួន១០ខ្សែ។

ជាការឆ្លើយតប លោក ជា វុទ្ធី បង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Shijiazhuang Hongray Group និងបានស្នើឱ្យក្រុមហ៊ុនគិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដោយខ្លួនឯង ក្នុងគោលដៅទាក់ទាញអ្នកវិនិយោគក្នុងកន្សោមឧស្សាហកម្មតែមួយ និង បង្កើតខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ មួយវិញទៀត ក្រុមហ៊ុនក៏អាចពិចារណាក្នុងការជ្រើសរើសទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយដែលមានហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្រាប់ ឬមួយរកទីតាំងណាដែលពុំសូវមានប្រជាពលរដ្ឋដើម្បីកាត់បន្ថយហានិភ័យប៉ះពាល់បរិស្ថាន ដែលបណ្ដាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។ សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៥ ចិននៅតែជាប្រទេសដែលបានដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ៕




