
រាជធានីភ្នំពេញ៖ ដោយសម្លឹងឃើញពីសក្ដានុពលវិនិយោគនៅប្រទេសកម្ពុជា ម្ចាស់ក្រុមហ៊ុន ស៊ីចាជ័ង ហុងក្រេគ្រុប ខូអិលធីឌី មកពីខេត្តហឺប៉ី ប្រទេសចិន បាននិងកំពុងស្វែងរកទីតាំងថ្មី ដើម្បីដាក់ទុនវិនិយោគបង្កើតរោងចក្របន្ថែមទៀត ផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន នាំទៅលក់នៅអាម៉េរិក និងអឺរ៉ុប…។

លោក លាវ គួយស៊ី (Liu Guixi) ជាប្រធានក្រុមហ៊ុន ដែលកំពុងរកស៊ីនៅកម្ពុជាស្រាប់ បានសហការបោះទុនវិនិយោគរួមគ្នាជាមួយ ក្រុមហ៊ុន មេតថេក អិមសេហ្ស ខប អិលធីឌី បង្កើតរោងចក្រផលិតស្រោមដៃពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ខេត្តស្វាយរៀង។ ក្នុងជំនួបនៅព្រឹកថ្ងៃទី៤កក្កដានេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញក្ដីរីករាយដែល លោក លាវ គួយស៊ី ដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាមួយដ៏សមស្របបំផុត។ លោកបានជម្រាបជូនវិនិយោគិនចិនរូបនេះថា នៅកម្ពុជាមានបរិយាកាសវិនិយោគដ៏ល្អប្រសើរ, របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ ក្រោមច្បាប់ស្តីពីវិនិយោគដែលបើកចំហ, មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។

លោក លាវ គួយស៊ី បានសាទរចំពោះការលើកឡើងរបស់លោក ជា វុទ្ធី និងបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធប្រមាណ៣០ឆ្នាំកន្លងមកហើយ ក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។ មិនលាក់លៀម ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺក្នុងគោលបំណងស្វែងរកទីតាំងថ្មី ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន ដោយមានតម្រូវការពង្រីកខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ១០ខ្សែបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក លាវ គួយស៊ី។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ជា វុទ្ធី បានបង្ហាញការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ប្រធានក្រុមហ៊ុនចិនខាងលើ។ ជាងនេះទៅទៀត លោកបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការយកជ័រកៅស៊ូក្នុងស្រុកឱ្យបានច្រើនជាអតិបរមាធ្វើជាធាតុចូលផលិតកម្ម ជំនួសឱ្យការប្រើសារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយហានិភ័យប៉ះពាល់បរិស្ថាន ដែលបណ្ដាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន។ សូមជម្រាបថា ប្រទេសកម្ពុជាបាននិងកំពុងស្រូវទាញអ្នកវិនិយោគមកបណ្ដាក់ទុនជាបន្តបន្ទាប់។ ជាក់ស្ដែង រយៈពេល៥ខែ ឆ្នាំ២០២៥នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន២៩០ ក្នុងទុនវិនិយោគចំនួន៤,២ពាន់លានដុល្លារអាម៉េរិក។ ប្រទេសចិន នៅតែឈរលំដាប់លេខរៀងទីមួយ ដែលបានដាក់ទុននៅកម្ពុជាច្រើនជាងគេ៕




