ក្រុមហ៊ុនចិនមួយចុះកិច្ចព្រមព្រៀង នាំចេញដំឡូងមីស្ងួតពីកម្ពុជា៥០ម៉ឺនតោនបន្ថែមទៀត
S
Soriya Sou
22 សីហា 2025 10:36 AM

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនមួយ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញដំឡូងមីងស្ងួតពីកម្ពុជាចំនួន៥០ម៉ឺនតោនបន្ថែមទៀត ទៅកាន់ប្រទេសចិន សម្រាប់ឆ្នាំ២០២៥-២០២៦…។

កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនចិន COFCO Biotechnology Co., Ltd. និងក្រសួងពាណិជ្ជកម្មកម្ពុជា នៅទីស្ដីការក្រសួងកាលពីរសៀលថ្ងៃទី២១សីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកអគ្គនាយក Zhou Yijue និងគណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជំរុញការប្តេជ្ញាចិត្តនាំចេញដំឡូងមីស្ងួតសរុបជាង៧០ម៉ឺនតោនទៅកាន់ប្រទេសចិន ខណៈកិច្ចព្រមព្រៀងយោគយល់គ្នាសម្រាប់នាំចេញដំទ្បូងមីស្ងួត៥០ម៉ឺនតោន នាថ្ងៃនេះ គឺបន្ថែមពីលើកិច្ចព្រមព្រៀងសម្រាប់ការនាំចេញដំទ្បូងមីស្ងួតចំនួន២០ម៉ឺនតោន ដែលបានចុះហត្ថលេខាកាលពីមីនាកន្លងទៅ។

<br />

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចព្រមព្រៀងនាំចេញដំឡូងមីស្ងួតកម្ពុជា ទៅកាន់ប្រទេសចិនជាបន្តបន្ទាប់ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រីក និងធ្វើពិពិធកម្មទីផ្សារ ព្រមទាំងការចូលរួមពង្រឹងសមត្ថភាពផលិតកម្ម និងកែច្នៃឱ្យស្របតាមស្ដង់ដារគុណភាពអន្តរជាតិ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។ វាក៏បានបង្ហាញឱ្យឃើញពីវឌ្ឍនភាព និងការកើនឡើងនូវទំនុកចិត្តលើផលិតផលកសិកម្មកម្ពុជា និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន ផងដែរ។

សូមជម្រាបថា ការនាំចេញផលិតផលដំឡូងមីកម្ពុជាទៅកាន់ប្រទេសចិន ភាគច្រើន​ជាប្រភេទដំឡូងមីស្ងួត (ចំណិតដំឡូងមីក្រៀម) ម្សៅ និងសំណល់ដំឡូងមី។ ដំឡូងមី ជាដំណាំមួយប្រភេទដើរតួយ៉ាងសំខាន់ ក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា។ គោលនយោបាយជាតិដំឡូងមី ឆ្នាំ២០២០-២០២៥ មានគោលបំណងធ្វើឱ្យកម្ពុជាក្លាយជាផលិតកម្មកែច្នៃ និងផ្គត់ផ្គង់ផលិតផលដំឡូងមីដែលអាចជឿទុកចិត្តបាន ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារពិភពលោក។ ដំណាំដំឡូងមីរបស់កម្ពុជា ត្រូវបានបងប្អូនកសិករ​​ដាំ​ដុះនាដើមរដូវចាប់ពីខែមីនា និង​ប្រមូល​ផល​ជាបន្តបន្ទាប់ ចាប់ពីខែកក្កដាជា​រៀង​រាល់​ឆ្នាំ​ ហើយក្នុងមួយឆ្នាំៗ ដំណាំដំឡូងមីកម្ពុជា ត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង៨៤ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ១៥លានតោន) ជាមួយផលសេដ្ឋកិច្ចប្រមាណណ១២៥៥លានដុល្លារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត