
រាជធានីបាងកក៖ កងទ័ពអាកាសភូមិន្ទថៃ បានចូលរួមក្នុងសមយុទ្ធ «Pitch Black» ដែលជាការហ្វឹកហ្វឺនប្រយុទ្ធតាមអាកាសចម្រុះជាតិសាសន៍កម្រិតពិភពលោកនៅប្រទេសអូស្ត្រាលី...។

កងទ័ពអាកាសភូមិន្ទថៃ បានបង្ហោះសារអមដោយចំណងជើងថា៖«មិនមែនគ្រប់ប្រទេសសុទ្ធតែអាចចូលរួមក្នុងព្រឹត្តិការណ៍នេះបានទេ។ មកស្គាល់ Pitch Black ដែលជាសមយុទ្ធទ័ពអាកាសចម្រុះដ៏ធំបំផុតមួយនៅក្នុងតំបន់ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ»។ សូមជម្រាបថា Pitch Black គឺជាសមយុទ្ធប្រតិបត្តិការអាកាសចម្រុះខ្នាតធំ និងជាសមយុទ្ធការពារដែនអាកាស ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយកងទ័ពអាកាសភូមិន្ទអូស្ត្រាលី (RAAF) ចាប់តាំងពីឆ្នាំ១៩៨១មក។

សមយុទ្ធនេះ មានកងទ័ពអាកាសមកពីបណ្តាប្រទេសជាច្រើន ដោយពួកគេបានដាក់ពង្រាយនៅមូលដ្ឋានទ័ពអាកាសដារវីន (Darwin) និងមូលដ្ឋានទ័ពអាកាសទីនដាល (Tindal) ដើម្បីហ្វឹកហ្វឺនទាំងការវាយប្រហារតាមអាកាស និងការការពារគោលដៅសិប្បនិម្មិត ក្រោមសេណារីយ៉ូសង្គ្រាមជាក់ស្តែង។ ការហ្វឹកហ្វឺននេះ ធ្វើឡើងនៅដែនដីភាគខាងជើង និងនៅទីលានហ្វឹកហ្វឺនអាវុធរបស់ប្រទេសអូស្ត្រាលី។ សូមរំឭកថា នៅក្នុងឆ្នាំ២០២២ មានប្រទេសចំនួន១៧ និងយន្តហោះជាង១០០គ្រឿងបានចូលរួមក្នុងសមយុទ្ធ។ នៅពេលដែលយន្តហោះចម្បាំងមកពីបណ្តាប្រទេសជាច្រើនហោះហើរក្បែរគ្នានោះ គោលដៅមិនមែនត្រឹមតែជាការហ្វឹកហ្វឺនហោះហើរប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីពង្រឹងការត្រៀមខ្លួនប្រយុទ្ធរួមគ្នា ផ្លាស់ប្ដូរចំណេះដឹង និងបង្កើនសមត្ថភាពប្រតិបត្តិការរួម៕






