
រាជធានីបាងកក៖ គណបក្សប្រជាជន[ថៃ] ដែលជាគណបក្សប្រឆាំងដ៏ធំមួយ បានដាក់ញត្តិ និងភស្តុតាងវិទ្យាសាស្ត្រ ស្តីពី«វិបត្តិបំពុលទឹកឆ្លងដែន»ទៅកាន់ស្ថានទូតចិនប្រចាំប្រទេសថៃ ដោយទទូចសុំឱ្យមហាអំណាចចិន ចេញមុខជួយអន្តរាគមន៍ដោះស្រាយជាបន្ទាន់ ចំពោះសកម្មភាពរុករករ៉ែនៅប្រទេសជិតខាង ដែលកំពុងបញ្ចេញសារធាតុពុលចូលទៅក្នុងទន្លេមេគង្គ និងទន្លេជាច្រើនទៀត...។

ប្រធានគណបក្សប្រជាជន លោក ណាតថៈពង្ស រឿងបញ្ញាវុឌ្ឍ (ณัฐพงษ์ เรืองปัญญาวุฒิ) បានសង្កត់ធ្ងន់ទៅកាន់ឯកអគ្គរដ្ឋទូតចិន ថា នេះជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែលកំពុងយាយីដល់អាយុជីវិតមនុស្សគ្រប់ជាតិសាសន៍ មិនមែនប៉ះពាល់តែពលរដ្ឋថៃនោះទេ។ ភស្តុតាងដែលបានដាក់ជូន រួមមាន លទ្ធផលពិសោធទឹក និងល្បាប់ដីពីនាយកដ្ឋានគ្រប់គ្រងការបំពុលរបស់ថៃ និងការស្រាវជ្រាវពីសាកលវិទ្យាល័យ នរ៉េសួន ដែលបង្ហាញថា សារធាតុពុលទាំងនោះមិនមែនកើតឡើងដោយធម្មជាតិនៅក្នុងទឹកដីថៃនោះទេ ប៉ុន្តែវាបានហូរនាំសារធាតុគីមីគ្រោះថ្នាក់ដូចជា អាសេនិក និងសំណ ចូលទៅក្នុងទន្លេសំខាន់ៗ រួមមាន ទន្លេកុក, ទន្លេសៃ, ទន្លេរួគ, ទន្លេមេគង្គ, ទន្លេសាលវីន និងទន្លេក្រៈបុរី (กระบุรี)។ សារធាតុពុលទាំងនេះ បានជ្រាបចូលទៅក្នុងច្រវាក់អាហារ ដោយគេបានរកឃើញលោហៈធ្ងន់លើសកម្រិតសុវត្ថិភាពនៅក្នុងបន្លែបង្ការ និងត្រីដែលនេសាទបានពីទន្លេមេគង្គ។

នៅក្នុងសំណុំឯកសារនោះ គណបក្សប្រឆាំងថៃ បានភ្ជាប់ទៅជាមួយនូវកូអរដោនេច្បាស់លាស់នៃទីតាំងអណ្តូងរ៉ែចំនួន២៦៧៦កន្លែង ដើម្បីឱ្យអាជ្ញាធរចិនយកទៅផ្ទៀងផ្ទាត់ និងស៊ើបអង្កេតថា តើមានក្រុមហ៊ុន ឬអង្គភាពរបស់ចិនណាមួយ កំពុងនៅពីក្រោយ ឬមានទំនាក់ទំនងនឹងអាជីវកម្មរ៉ែទាំងនោះដែរឬទេ។ លើសពីនេះ ក្រុមតំណាងរាស្ត្របានទទូចស្នើសុំឱ្យរដ្ឋាភិបាលចិន ប្រើប្រាស់ច្បាប់គ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួន ដូចជាច្បាប់គ្រប់គ្រងរ៉ែកម្រ និងច្បាប់គ្រប់គ្រងការវិនិយោគក្រៅប្រទេស ដើម្បីត្រួតពិនិត្យក្រុមហ៊ុនទាំងនោះ។ ពួកគេ ក៏បានស្នើឱ្យចិនឆ្លើយតបជាលាយលក្ខណ៍អក្សរ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងនាមជាសមាជិកស្ថាបនិកនៃក្របខ័ណ្ឌសហប្រតិបត្តិការឡានឆាង-មេគង្គ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ បានទទួលយកឯកសារទាំងនោះ និងបានសន្យាថា នឹងបញ្ជូនរបាយការណ៍បំពុលទឹកដ៏រសើបនេះ ទៅកាន់រដ្ឋាភិបាលកណ្តាលនៅរដ្ឋធានីប៉េកាំង ដើម្បីពិនិត្យ និងចាត់វិធានការដោះស្រាយជាបន្ទាន់ស្របតាមយន្តការបរិស្ថានតំបន់៕


