
រាជធានីបាងកក៖ គណៈរដ្ឋមន្ត្រីថៃ បានសម្រេចយល់ព្រមពន្យារពេលអនុវត្តច្បាប់គ្រាអាសន្ន រយៈពេល៣ខែបន្ថែមទៀត នៅតាមបណ្តាខេត្តជាប់ព្រំដែនភាគខាងត្បូងដែលមានស្ថានភាពមិនទាន់ស្ងប់ស្ងាត់ រួមមាន៖ ខេត្តនរាធិរាស ប៉ាតានី និងខេត្តជាល ឬយ៉ាឡា ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១៩ ខែតុលា ខាងមុខ...។

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានឱ្យដឹងថា នេះគឺជាការប្រកាសពន្យារពេលច្បាប់សន្តិសុខពិសេស ជាលើកទី៨៥ហើយ ទៅតាមសំណើរបស់ការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីបន្តគ្រប់គ្រងស្ថានការណ៍សន្តិសុខ។ ទោះជាយ៉ាងណា ការបន្តច្បាប់អាសន្នលើកនេះ មិនបានគ្របដណ្ដប់លើគ្រប់តំបន់ទាំងអស់នោះទេ ពោលគឺរដ្ឋាភិបាលបានសម្រេចលើកលែងមិនអនុវត្តច្បាប់នេះនៅក្នុងស្រុកមួយចំនួន ដែលត្រូវបានវាយតម្លៃថា មានការវិវឌ្ឍផ្នែកសន្តិសុខល្អប្រសើរ និងមានភាពអំណោយផលជាងមុន។ ជាក់ស្តែង នៅក្នុងខេត្តនរាធិវាស ស្រុកចំនួន៣ ត្រូវបានលើកលែង ខណៈខេត្តប៉ាតានី មានស្រុកចំនួន៧ ត្រូវបានលើកលែង។ ចំណែកឯខេត្តជាល ឬយ៉ាឡា ស្រុកល្បីៗចំនួន៤ ក៏ត្រូវបានដកចេញពីបញ្ជីច្បាប់រឹតបន្តឹងនេះផងដែរ។

មូលហេតុចម្បងដែលរាជរដ្ឋាភិបាលថៃនៅតែបន្តចាំបាច់រឹតបន្តឹងច្បាប់ពិសេសនេះ ដោយសារតែតំបន់ភាគខាងត្បូងទាំងនោះ បានរងការវាយប្រហារដោយហិង្សាយ៉ាងរ៉ាំរ៉ៃពីសំណាក់ក្រុមឧទ្ទាមបំបែកទឹកដី អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ តាមរយៈការលបបាញ់ ការបំផ្ទុះគ្រាប់បែក និងការឆ្មក់វាយប្រហារលើប៉ុស្តិ៍យោធា។ ច្បាប់អាសន្ននេះ ផ្តល់អំណាចពិសេសដល់កងកម្លាំងសន្តិសុខ ក្នុងការតាមដាន កោះហៅសួរចម្លើយ និងឃាត់ខ្លួនជនសង្ស័យដោយមិនបាច់មានដីកាតុលាការ ដែលជាឧបករណ៍ដ៏សំខាន់ ក្នុងការបង្ការការវាយប្រហារទាន់ហន់ ស្វែងរកការសម្ងំលាក់ខ្លួននៃក្រុមឧទ្ទាម និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់ នៅក្នុងតំបន់ក្ដៅទាំងនោះ៕



