
បទបរិយាយ៖ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ថៃ ជាប្រទេសរីកចម្រើនមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ បានធ្វើឱ្យពិភពលោកប្រសិទ្ធនាមប្រទេសនេះថា «កូនខ្លាសេដ្ឋកិច្ចអាស៊ី»។ ទោះជាយ៉ាងណាក៏ដោយ ៣ទសវត្សរ៍ចុងក្រោយនេះ ស្ថានភាពប្រទេសថៃ បានផ្លាស់ប្ដូរយ៉ាងខ្លាំង បច្ចុប្បន្ន ប្រទេសថៃ កំពុងជួបប្រទះនូវភាពជាប់គាំងផ្នែកនយោបាយ និងបង្កជម្លោះព្រំដែនជាមួយប្រទេសជិតខាង ជាពិសេស ការបើកការឈ្លានពានមកលើប្រទេសកម្ពុជាទាំងកម្រោល សាហាវព្រៃផ្សៃ និងហ៊ានទាញទ្វាររបងព្រំដែនបិទជាឯកតោភាគី ធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មជាង១០ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ដែលថៃខ្លួនឯងមានប្រៀបជាងកម្ពុជានោះ ត្រូវកាត់ផ្តាច់។ រីឯវិបត្តិបំណុល និងកំណើនសេដ្ឋកិច្ចដាំក្បាលចុះយ៉ាងគំហុក ព្រោះតែវិនិយោគិនបរទេស បានចាប់ផ្តើមបង្វែរទិសដៅវិនិយោគរបស់ពួកគេទៅកាន់ប្រទេសដទៃវិញ ជាពិសេស ប្រទេសវៀតណាម។

តើហេតុអ្វីបានជាប្រទេសដែលធ្លាប់តែត្រូវបានគេរំពឹងថា នឹងក្លាយជាយក្សសេដ្ឋកិច្ចថ្មី បែរជាមកធ្លាក់ក្នុងភាពជាប់គាំង និងចាប់ផ្តើមដើរថយក្រោយបែបនេះ..? ថ្ងៃនេះ SBM News នឹងលាតត្រដាងពីកត្តាសេដ្ឋកិច្ច និងនយោបាយ ដែលបាននិងកំពុងជំរុញឱ្យប្រទេសថៃ ដើរថយក្រោយ។ យ៉ាងណា ដើម្បីឈ្វេងយល់អំពីបុព្វហេតុនៃការធ្លាក់ចុះនេះ យើងត្រូវក្រឡេកមើលថា តើប្រទេសថៃធ្លាប់រីកចម្រើនប៉ុនណា កាលពីអតីតកាល..? សូមជម្រាបថា នៅចុងសតវត្សរ៍ទី២០ យុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់ប្រទេសនេះ បានដំណើរការល្អ និងមានទិសដៅវិជ្ជមាន។ គោលនយោបាយបានអំណោយផលដល់វិនិយោគិនបរទេស ដោយជំរុញឱ្យប្រទេសនេះ ក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំក្នុងតំបន់ និងពិភពលោក។

ប្រទេសថៃ ទទួលបានរហស្សនាមថា «កូនខ្លាសេដ្ឋកិច្ចអាស៊ី» ដោយសារតែភាពជោគជ័យក្នុងការទាក់ទាញក្រុមហ៊ុនផលិតរថយន្តយក្សមកពីប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក ឱ្យទៅបង្កើតរោងចក្រដំឡើងនៅទីនោះ។ ក្រៅពីនេះ វិស័យទេសចរណ៍ និងការនាំចេញផលិតផលអេឡិចត្រូនិក ក៏បានក្លាយជាម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចដ៏សំខាន់ផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនេះ ត្រូវបានសាងសង់យ៉ាងលឿន ហើយប្រជាជនរាប់លាននាក់ ត្រូវបានរំដោះខ្លួនចេញពីបន្ទាត់នៃភាពក្រីក្រ។ កាលនោះ ប្រទេសថៃ គឺជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍដទៃទៀត។ បើប្រៀបធៀបជាមួយប្រទេសឥណ្ឌូណេស៊ី និងវៀតណាម នាសម័យកាលនោះ ប្រទេសថៃ បានដើរទៅមុខជាច្រើនជំហាន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ប៉ុន្តែគ្រប់យ៉ាង បាននិងកំពុងត្រូវបានផ្លាស់ប្ដូរទាំងស្រុង ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីសម័យបច្ចុប្បន្ន ពោលគឺផ្លាស់ប្ដូរពី «កូនខ្លាសេដ្ឋកិច្ចអាស៊ី» មកជា «កូនឆ្មាអាស៊ី» វិញ ខណៈសារព័ត៌មានថៃខ្លួនឯង ក៏បានហៅប្រទេសថៃ មួយបែបទៀតថាជា«អ្នកជំងឺអាស៊ី»។ វិបត្តិជាច្រើនកំពុងរួមរិតប្រទេសថៃ។ របត់ដំបូងបំផុតនៃការជាប់គាំងរបស់ប្រទេសថៃ គឺ នយោបាយមិនមានស្ថិរភាព ត្រឹមរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ទិដ្ឋភាពនយោបាយថៃ ត្រូវបានគ្របដណ្ដប់ដោយការបែកបាក់យ៉ាងខ្លាំងក្លា និងរដ្ឋប្រហារយោធាជាបន្តបន្ទាប់ ជាពិសេស នៅឆ្នាំ២០០៦ និង២០១៤។ ជម្លោះរវាងឥស្សរជននយោបាយជារឿយៗ ប្រែក្លាយទៅជាការប្រឈមមុខដាក់គ្នាតាមដងផ្លូវ ការតវ៉ា និងបានធ្វើឱ្យរាជរដ្ឋាភិបាលបាត់បង់ប្រសិទ្ធភាពការងារ។ ចំពោះផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្ដាលមកពីកត្តាទាងនេះ មានសភាពធ្ងន់ធ្ងរបន្តិចម្ដងៗ រហូតធ្លាក់ក្នុងអន្ទាក់បំណុលដ៏ធំសម្បើម ក្រោមការដឹកនាំរបស់លោក អានុទីន ឆានវិរកុល។

ដោយសារតែគោលនយោបាយសេដ្ឋកិច្ចយុទ្ធសាស្ត្រ ត្រូវការរៀបចំផែនការរយៈពេលវែង និងភាពច្បាស់លាស់ខាងផ្លូវច្បាប់ ប៉ុន្តែការផ្លាស់ប្ដូររបបដឹកនាំញឹកញាប់ពេក បានធ្វើឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីអភិវឌ្ឍន៍ជាច្រើនត្រូវជាប់គាំង ឬត្រូវបានលុបចោលទាំងស្រុង។ ចំណែកវិនិយោគិនបរទេស ដោយសារភាពមិនច្បាស់លាស់នៃចរន្តនយោបាយបែបនេះ គឺជាហានិភ័យដ៏ធំបំផុតនៃមុខជំនួញរបស់ពួកគេ ហើយពួកគេក៏បានផ្លាស់ទីទៅរកទីតាំងថ្មីនៅប្រទេសដទៃដោយស្ងៀមស្ងាត់។ នេះមានន័យថា នៅពេលដែលស្ថិរភាពនយោបាយមិនអាចធានាបាន រំហូរទុនវិនិយោគបរទេស ក៏នឹងចាប់ផ្តើមថយចុះវិញដូចគ្នា។ ដើម្បីបន្ធូបន្ថយស្ថានការណ៍វិបត្តិនយោបាយរបស់ រាជរដ្ឋាភិបាលរាជធានីបាងកក បានលេងល្បែងបញ្ឆេះកំហឹងជាតិនិយមថៃ រឿងបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជា ដោយបានបង្កជម្លោះប្រដាប់អាវុធ និងទាញទ្វារព្រំដែនបិទជាឯកតោភាគី ក្នុងនៃខ្ទប់ដម្ហើមសេដ្ឋកិច្ចកម្ពុជាឱ្យស្លាប់។ លុះដល់កម្ពុជាមិនស្លាប់ បែរជាស្លាប់សេដ្ឋកិច្ចខ្លួនឯងទៅវិញ។

ក្រៅពីបញ្ហានយោបាយ និងការរាំងស្ទះនៃការនាំទំនិញឆ្លងដែនទៅកាន់ប្រទេសទាំងបី ដែលរួមមាន៖ កម្ពុជា ភូមា និងម៉ាឡេស៊ី វិបត្តិសេដ្ឋកិច្ចនៃការធ្វើបដិវត្តកម្មឧស្សាហកម្មរបស់ប្រទេសថៃ បច្ចុប្បន្ន ក៏កំពុងជាប់អន្ទាក់ប្រាក់ចំណូលមធ្យមរបស់ខ្លួនផងដែរ។ កាលពី២០២៥ ថៃប្រកួតប្រជែងលើទីផ្សារសកល ដោយផ្អែកលើកម្លាំងពលកម្មតម្លៃថោក។ ប៉ុន្តែនៅពេលដែលកម្រិតជីវភាពកើនឡើង ប្រាក់ឈ្នួលពលកម្មក៏កើនឡើងទៅតាមហ្នឹងដែរ ដែលតម្រូវឱ្យថ្នាក់ដឹកនាំថៃជ្រើសរើសពលករពីប្រទេសជិតខាងខ្លួន ដូចជា កម្ពុជា ភូមា និងឡាវ ប៉ុន្តែក្រោយធ្វើសកម្មភាពឈ្លានពានព្រំដែនកម្ពុជា កម្លាំងពលកម្មមួយភាគធំពីខាងកម្ពុជាត្រូវបាត់បង់។ បច្ចុប្បន្ន ថៃមិនអាចប្រកួតប្រជែងជាមួយប្រទេសវៀតណាម ឬបង់ក្លាដែសបានឡើយ លើតម្លៃពលកម្មដែលមានកម្រិតទាបជាងឆ្ងាយ។ ដូច្នេះ ល្បែងនយោបាយជាតិនិយមរបស់ថៃ នៅពេលនេះ បាននិងកំពុងរងគ្រោះខ្លាំងទាំងលើផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម, ស្អុយឈ្មោះអាសោចលើឆាកអន្តរជាតិក្នុងនាមជាប្រទេសធំ បែរជានើកការឈ្លានពានលើប្រទេសតូចជាងខ្លួនដោយបំពានច្បាប់អន្តរជាតិ និងបានរុញច្រានប្រទេសឱ្យធ្លាក់ចូលទៅក្នុងភាពវឹកវរនៃវិបត្តិបំណុលសង្គមហក់ឡើងខ្ពស់។

វិបត្តិមួយផ្នែកទៀត ដែលធ្វើឱ្យថៃនៅតែបន្តជាប់គាំងកាន់តែធ្ងន់ធ្ងរ នោះគឺ ប្រជាជនវ័យចាស់ មានការកើនឡើងជាងប្រជាជនវ័យក្មេង។ ខុសពីប្រទេសឥណ្ឌូណេស៊ី ឬហ្វីលីពីន ដែលនៅតែរីករាយនឹងភាគលាភប្រជាសាស្ត្រល្អ ដែលមានសមាមាត្រប្រជាជនវ័យក្មេងធ្វើការច្រើន។ ផ្ទុយទៅវិញ ថៃបែរជាត្រូវប្រឈមមុខនឹងវិបត្តិប្រជាជនវ័យចំណាស់ ដែលជាបន្ទុកបន្ថែមរបស់រដ្ឋ។ អត្រាផ្តល់កំណើតនៅថៃ បានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បណ្ដាលឱ្យកម្លាំងពលកម្មរួមថយចុះ។ ហេតុនេះ បន្ទុកថវិកាជាតិបានកើនឡើងយ៉ាងខ្លាំង ដើម្បីចំណាយលើសេវាថែទាំសុខភាព និងប្រាក់សោធននិវត្តន៍សម្រាប់មនុស្សចាស់។ នៅក្នុងក្រសែភ្នែកវិនិយោគិនសកល បញ្ហានេះ ជាចំណុចខ្សោយខាងកម្លាំងពលកម្មដ៏ពិតប្រាកដមួយ។ បើប្រៀបធៀបជាមួយប្រទេសជិតខាង វៀតណាម បានវ៉ាដាច់ប្រទេសថៃ ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សសកលជាច្រើន បាននិងកំពុងនាំគ្នាផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេទៅកាន់រដ្ឋធានីហាណូយ និងទីក្រុងព្រៃនគរ។

ដោយសារតែទីផ្សារក្នុងស្រុកធំ និងសម្បូរបែបនៃធនធានធម្មជាតិ ឥណ្ឌូណេស៊ី បានទាក់ទាញការវិនិយោគជាយុទ្ធសាស្ត្ររាប់ពាន់លានដុល្លារនៅក្នុងវិស័យជាច្រើន ដូចជាការកែច្នៃរ៉ែនីកែល សម្រាប់ផលិតថ្មរថយន្តអគ្គិសនី ដែលក្រុមហ៊ុនធំៗទាំងនោះ មានមួយចំនួន បានបន្លាស់ទីចេញពីប្រទេសថៃផងដែរ។ គួរបញ្ជាក់ផងដែរថា អ្វីដែលធ្វើឱ្យសេដ្ឋកិច្ចថៃដាំក្បាលចុះលឿនជាលំដាប់ក្នុងរយៈពេលថ្មីៗនេះ គឺដោយសារតែថ្នាក់ដឹកនាំថៃមានចរិតមានៈ ក្រអើតក្រទម ចចេសរឹងរូស អួតអាង និងមើលងាយប្រទេសជិតខាងថាមិនដល់ខ្លួន ជាក់ស្តែង គឺការទាញទ្វាររបងព្រំដែនបិទជាឯកតោភាគី និងតាមទំនើងចិត្ត គឺជាឧទាហរណ៍ស្រាប់។ សរុបសេចក្តីមក ទង្វើដ៏គឃ្លើនរបស់យោធាថៃ មិនត្រឹមតែបំផ្លាញទំនាក់ទំនងការទូត និងធ្វើឱ្យកម្ពុជារឹងដៃរឹងជើងលើវិស័យផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកាត់ផ្តាច់សរសៃឈាមសេដ្ឋកិច្ចខ្លួនឯង និងការដោះដូរពាណិជ្ជកម្មតាមព្រំដែនផងដែរ។ កម្ពុជាធ្លាប់តែជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ប្រទេសថៃ ប៉ុន្តែពេលនេះ អ្វីៗវាមិនដូចមុនឡើយ! ហើយកត្តាទាំងអស់នេះ វាអាចជាចំណែកធំមួយផងដែរ ដែលធ្វើឱ្យថៃប្តូរឈ្មោះពី«កូនខ្លាសេដ្ឋកិច្ចអាស៊ី» មកជា «កូនឆ្មាអាស៊ី» វិញនោះ៕




