រដ្ឋបើកកិច្ចប្រជុំ កំណត់ទីតាំងធ្វើលំនៅឋានបណ្តោះអាសន្នឱ្យជនភៀសសឹកដែលមិនអាចវិលទៅភូមិឋានវិញបាន
អុន សម្ផស្ស
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានបើកកិច្ចប្រជុំពិភាក្សា ជ្រើសរើសទីតាំងរៀបចំលំនៅឋានបណ្តោះអាសន្ន ផ្តល់ឱ្យពលរដ្ឋភៀសសឹក ដែលមិនអាចវិលត្រឡប់ទៅផ្ទះសំបែងវិញបានទោះបីការប្រយុទ្ធគ្នារវាងយោធាកម្ពុជា-ថៃ ត្រូវបានផ្អាកអស់រយៈពេល១ខែមកហើយ..។

កិច្ចប្រជុំត្រូវបានរៀបចំឡើងការពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមផ្ទាល់ពីលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំ ក៏មានការចូលរួមតាមប្រព័ន្ធវីដេអូ ពីរដ្ឋបាលខេត្ត និងមន្ទីររៀបចំដែនដីខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ គិតត្រឹមថ្ងៃទី២៦មករា មានពលរដ្ឋភៀសសឹកជាង១១ម៉ឺននាក់ ភាគច្រើជាស្ត្រី និងកុមារ មិនទាន់អាចវិលទៅលំនៅឋានវិញ ខណៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ធ្លាប់លើកឡើងថា ពលរដ្ឋដែលបន្តស្នាក់នៅជំរំភៀសសឹក គឺជាអ្នកមានផ្ទះរងការខូចខាតខ្លាំង និងមួយចំនួនផ្ទះនៅក្បែរព្រំដែនថៃ ដែលអាជ្ញាធរកំណត់ជាតំបន់ក្រហម ឬតំបន់មិនទាន់សម្អាតគ្រាប់បង្កដោយសង្គ្រាមថៃឈ្លានពានកម្ពុជា។

គួរជ្រាបថា ក្រោយបទឈប់បាញ់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា យោធាថៃបានបន្តកាន់កាប់តំបន់មួយចំនួនរបស់កម្ពុជា ដោយទីតាំងទាំងនោះរួមមាន៖ ភូមិព្រៃចាន់, ជោគជ័យ និងបឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ, តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់, តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ ក្នុងខេត្តព្រះវិហារ, តំបន់អូរស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ តំបន់ចូកគ្រួស ក្នុងខេត្តឧត្តរមានជ័យ។ ក្នុងចំណោមតំបន់ទាំងអស់ ភូមិព្រៃចាន់,ជោគជ័យ,បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ជាតំបន់ដែលសម្បូរទៅដោយលំនៅឋានពលរដ្ឋជាច្រើន។ 

ក្រៅតែពីកាន់កាប់ តាមរូបភាពបង្ហាញដោយផ្កាយរណបនៃទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ (​European​ ​Space​ ​Agency​'s ​Sentinel​-2) នៅថ្ងៃទី១៧មករា បានបង្ហាញ​ឱ្យ​ឃើញ​នូវ​ចំនួន​ផ្ទះសំបែង​ជាច្រើន​នៅ​ក្នុង ​ភូមិ​ជោគជ័យ​ ​និង​តំបន់​បឹង​ត្រកួន​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ត្រូវ​បាន​ឈូស​ឆាយ​ ​និង​បំផ្លិចបំផ្លាញ ​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ​ ​ទោះបីបទឈប់បាញ់ចូលជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត