
រាជធានីភ្នំពេញ៖ មិនមែនគ្រាន់តែជាការរំឭកអំពីសោកនាដកម្មរបស់ជនភៀសខ្លួនខ្មែរកំលុងសម័យសង្គ្រាមផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែភាពយន្ត«សោកនាដកម្មភ្នំខ្មោច» វាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីផលវិបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាម និងទង្វើអមនុស្សធម៌របស់យោធាថៃ ធ្វើមកលើពលរដ្ឋកម្ពុជាស្លូតត្រង់ចន្លោះពីឆ្នាំ១៩៧៨-១៩៨០ នៅតំបន់ជួរភ្នំដងរែក...។

រំឭកទៅអតីតកាល ក្រោយរបបខ្មែរក្រហមដួលរលំ ប្រជាជនខ្មែររាប់ម៉ឺននាក់បានរត់ភៀសខ្លួនទៅកាន់ព្រំដែនថៃ ដោយសង្ឃឹមថា នឹងទទួលបានការជួយសង្គ្រោះអាយុជីវិត មានសុវត្ថិភាព ព្រមទាំងទទួលបានជំនួយមនុស្សធម៌។ ផ្ទុយទៅវិញ ពលរដ្ឋខ្មែរទាំងនោះ ត្រូវបានបង្ខំឱ្យត្រឡប់មកប្រទេសកំណើតវិញដោយអំពើព្រៃផ្សៃ ហើយប្រឈមមុខនឹងគ្រោះថ្នាក់នៅតាមជួរភ្នំដងរែក។ យោធាថៃ បានដឹកពលរដ្ឋខ្មែរស្លូតត្រង់មកទម្លាក់ចោលនៅតំបន់គ្រោះថ្នាក់តាមជួរភ្នំដងរែក ហើយបង្ខំឱ្យត្រឡប់ចូលប្រទេសកម្ពុជាវិញពីលើភ្នំចោទ។ ព្រឹត្តិការណ៍នេះ បានបន្សល់ទុកនូវស្លាកស្នាមដ៏ឈឺចាប់ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ «សោកនាដកម្មភ្នំខ្មោច» មានតម្លៃលើសពីភាពយន្តប្រវត្តិសាស្ត្រ តែវាជាការចងចាំដ៏ឈឺចាប់ ដែលពលរដ្ឋខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន។

នៅក្នុងបរិបទនៃភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ បានកើតមាននៅឆ្នាំ២០២៥ ប្រវត្តិសាស្ត្រនេះ បានរំឭកយើងឡើងវិញថា នៅពេលមានជម្លោះ អ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់ព្រំដែន កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាប់យន្តហោះចម្បាំង គ្រាប់បែកចង្កោម គ្រាប់បែកធុនធ្ងន់ បាញ់ផ្សែងពុល និងដ្រូនអត្តឃាតវាយប្រហារយ៉ាងកម្រោល មកលើទីតាំងពលរដ្ឋខ្មែររស់នៅ តំបន់ប្រវត្តិសាស្ត្រ រំលោភច្បាប់អន្តរជាតិ បំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ចាក់សំឡេងរំខាន រាយបន្លាលួសព័ទ្ធយកផ្ទះពលរដ្ឋខ្មែរជាដើម ។ល។ ជាការពិត ការផ្លាស់ទីលំនៅ បាត់បង់ជីវភាព ការខ្វះសន្តិសុខ និងការភ័យខ្លាច គឺជាផលវិបាកដែលតែងតែកើតឡើងនៅពេលមានភាពតានតឹង ឬការប៉ះទង្គិចប្រដាប់អាវុធ កាន់តែធ្ងន់ធ្ងរកើតឡើងនៅពេលមានសង្គ្រាម ខណៈដែលប្រទេសជាតិមួយឈ្លានពានប្រទេសមួយផ្សេងទៀតទាំងកម្រោល។

ផ្សាភ្ជាប់ពីរឿងរ៉ាវបន្សល់ពីប្រវត្តិសាស្ត្រ និងបច្ចុប្បន្ន វាបានរំឭកដល់មនុស្សជំនាន់ក្រោយដឹងថា គ្មានការឈឺចាប់ណាខ្លាំងជាងការឈឺចាប់ដែលប្រទេសជាតិ ត្រូវសត្រូវឈ្លានពានប្រមាថ ធ្វើទុក្ខបុម្នេញ និងយាយីអាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់នោះឡើយ ហេតុនេះ ខ្មែរត្រូវតែមើលខ្សែភាពយន្តមួយនេះ ហើយចងចាំតកូនតចៅអំពីភាពសាហាវព្រៃផ្សៃនៃសកម្មភាពយោធាថៃ ធ្វើមកលើប្រជាពលរដ្ឋខ្មែរ។ ការសិក្សាប្រវត្តិសាស្ត្រ គួរត្រូវបានរំលេចឡើង ដើម្បីបង្កើនការយល់ដឹង អភិរក្សនៃការចងចាំ និងជំរុញឱ្យមានការដោះស្រាយជម្លោះដោយសន្តិវិធី។ វាក៏ជាសារសំខាន់សម្រាប់មនុស្សជាតិទាំងមូល ឱ្យបានយល់ដឹងពីបទពិសោធដ៏ជូរចត់នៃសោកនាដកម្មឆ្នាំ១៩៧៩ ដែលបង្ហាញថា ការការពារជីវិតមនុស្ស ការគោរពច្បាប់អន្តរជាតិ និងការស្វែងរកដំណោះស្រាយតាមរយៈការចរចា គឺជាមធ្យោបាយដ៏សំខាន់ ក្នុងការទប់ស្កាត់មិនឱ្យសោកនាដកម្មប្រវត្តិសាស្ត្រនេះ កើតឡើងម្ដងទៀត។

ភាពយន្តឯកសារ «សោកនាដកម្មភ្នំខ្មោច» មិនត្រឹមតែជាការរំឭកអតីតកាលទេ ប៉ុន្តែក៏ជាការអំពាវនាវឱ្យគ្រប់ភាគីយកមេរៀនពីប្រវត្តិសាស្ត្រ ដើម្បីថែរក្សាសន្តិភាព និងការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស។ តាមរយៈ Teaser ភាពយន្តឯកសារ «សោកនាដកម្មភ្នំខ្មោច» ដែលចេញផ្សាយ កាលពីថ្ងៃទី១៤កក្កដា ទស្សនិកជនកំពុងរង់ចាំកាលបរិច្ឆេទនៃការចាក់បញ្ចាំងជាផ្លូវការយ៉ាងអន្ទះសា។ ខ្សែភាពយន្តឯកសារប្រវត្តិសាស្ត្រ «សោកនាដកម្មភ្នំខ្មោច» ផលិតឡើងដោយផ្អែកតាមដំណើរជីវិតពិតរបស់លោក គួច ម៉េងលី ជាជនរងគ្រោះម្នាក់ បានរស់រានមានជីវិតពីទុក្ខវេទនា ដែលទាហានថៃ បង្ខំឱ្យភៀសខ្លួនជាមួយប្រជាជនខ្មែររាប់ម៉ឺននាក់ នៅជាយដែនប្រទេសថៃ៕



