
រដ្ឋធានីហាណូយ៖ ប្រទេសវៀតណាម បានប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ក្នុងការចាប់ដៃគ្នាជាមួយក្រុមហ៊ុនឱសថយក្សបារាំង សាណូហ្វី (Sanofi) ដើម្បីផលិត «វ៉ាក់សាំងជំនាន់ថ្មីក្នុងស្រុកជាលើកដំបូងបង្អស់» នៅត្រឹមឆ្នាំ២០២៨ខាងមុខ ដែលនេះជាជំហានដ៏ធំមួយក្នុងការបោះជើងឆ្ពោះទៅរកការគ្រប់គ្រង និងពង្រឹងសន្តិសុខសុខាភិបាលជាតិ ដោយមិនបាច់ពឹងផ្អែកលើការនាំចូលពីបរទេស។

ផែនការនេះត្រូវបានប្រកាសជាផ្លូវការនៅក្នុងសន្និសីទរួមរវាងវៀតណាម-បារាំង កាលពីថ្ងៃទី៩ ខែកក្កដា ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម តំណាងអង្គការសុខភាពពិភពលោក (WHO) អង្គការយូនីសេហ្វ (UNICEF) និងថ្នាក់ដឹកនាំក្រុមហ៊ុនវ៉ាក់សាំងវៀតណាម (VNVC)។ បច្ចុប្បន្ន ក្រុមហ៊ុន VNVC កំពុងសាងសង់រោងចក្រខ្នាតយក្សតម្លៃប្រមាណ៩៥លានដុល្លារអាម៉េរិក លើផ្ទៃដីជាង២ម៉ឺនម៉ែត្រការ៉េ នៅក្នុងខេត្ត Tay Ninh ដែលមានសមត្ថភាពផលិតវ៉ាក់សាំងរហូតដល់១០០លានដូសក្នុង១ឆ្នាំ ស្របតាមស្ដង់ដារគុណភាពអន្តរជាតិ។

រោងចក្រនេះគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២៧ ចាប់ផ្តើមផលិតវ៉ាក់សាំងនៅឆ្នាំ២០២៨ និងដាក់លក់ជាផ្លូវការនៅលើទីផ្សារពាណិជ្ជកម្មចាប់ពីឆ្នាំ២០២៩ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចទទួលបានវ៉ាក់សាំងទំនើបៗ ក្នុងតម្លៃកាន់តែសមរម្យ។ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Thanh បានសង្កត់ធ្ងន់ថា គម្រោងនេះមិនត្រឹមតែជាអាយុជីវិតនៃវិស័យសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាជាស្នូលនៃ «សន្តិសុខជាតិ» តែម្ដង ដោយលោកស្រីបានប្តេជ្ញាជំរុញគោលនយោបាយគាំទ្រក្រុមហ៊ុនឯកជន ដើម្បីប្រែក្លាយវៀតណាមឱ្យទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ ផលិត និងចែកចាយវ៉ាក់សាំងដ៏ធំបំផុតមួយប្រចាំតំបន់៕





