
រដ្ឋធានីហាណូយ៖ ប្រទេសវៀតណាម បានប្រកាសពីផែនការបើកដំណើរការព្រលានយន្តហោះអន្តរជាតិថ្មីដ៏ធំបង្អស់ប្រចាំប្រវត្តិសាស្ត្រជាតិ គឺ «ឡុងថាញ (Long Thanh)» សម្រាប់ការហោះហើរពាណិជ្ជកម្មនៅថ្ងៃទី១ ខែធ្នូ ខាងមុខនេះ ជាមួយកញ្ចប់ថវិកាសាងសង់រហូតដល់ទៅ៣៣៦,៦៣ទ្រីលានដុង ឬត្រូវនឹងប្រមាណ១២,៨ពាន់លានដុល្លារអាម៉េរិក។

ព្រលានយន្តហោះថ្មីនេះ មានទីតាំងស្ថិតនៅចម្ងាយប្រហែល៤០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងព្រៃនគរ (ហូជីមិញ) ដោយត្រូវបានសាងសង់ឡើងក្នុងគោលបំណងកាត់បន្ថយការកកស្ទះខ្លាំងនៅព្រលានយន្តហោះចាស់ តានសឺនញ៉ាត់ (Tan Son Nhat) និងមានមហិច្ឆតាចង់ប្រជែងដណ្តើមទីផ្សារឆ្លងកាត់ ជាមួយព្រលានយន្តហោះធំៗក្នុងតំបន់ដូចជា ចាងជី (Changi) របស់សិង្ហបុរី សុវណ្ណភូមិរបស់ថៃ និងកូឡាឡាំពួររបស់ម៉ាឡេស៊ី។ ព្រលានយន្តហោះឡុងថាញ នឹងបើកដំណើរការដំណាក់កាលដំបូង ដែលអាចទទួលភ្ញៀវទេសចរបាន២៥លាននាក់ក្នុងមួយឆ្នាំ ហើយមានគោលដៅពង្រីកសមត្ថភាពឱ្យដល់១០០លាននាក់ក្នុងមួយឆ្នាំ នៅដំណាក់កាលបន្ទាប់ ដែលចំនួននេះនឹងធ្វើឱ្យវាអាចវ៉ាដាច់សមត្ថភាពបច្ចុប្បន្នរបស់ព្រលានយន្តហោះចាងជី របស់សិង្ហបុរីទៀតផង។

ដើម្បីសម្រួលដល់ការផ្លាស់ប្ដូរ វៀតណាមបានរៀបចំផែនការបែងចែកជើងហោះហើរជា៣ដំណាក់កាល ដោយគ្រោងនឹងផ្ទេរជើងហោះហើរអន្តរជាតិច្រើនជាង៩០ភាគរយ ទៅកាន់ព្រលានយន្តហោះថ្មីនេះ ឱ្យបានត្រឹមឆ្នាំ២០២៧។ ជាមួយគ្នានេះ ក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះវៀតណាម (ACV) ក៏បានជំរុញឱ្យរដ្ឋាភិបាលពន្លឿនការស្ថាបនាផ្លូវល្បឿនលឿន និងផ្លូវក្រវាត់ក្រុងតភ្ជាប់ ដើម្បីធានាសម្រួលដល់ការធ្វើដំណើរឱ្យទាន់ពេលវេលាផងដែរ៕




