
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ហ្វ្រេដឺរិក ឈូ (Frederick Choo) អគ្គលេខាធិការរងទទួលបន្ទុកនយោបាយនៃក្រសួងការពារជាតិសិង្ហបុរី បង្ហាញការវាយតម្លៃខ្ពស់ចំពោះភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិសិង្ហបុរី លើកឡើងដូច្នេះនៅជំនួបផ្ទាល់មុខជាមួយ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦...។

ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច ការចែករំលែកព័ត៌មានសន្តិសុខ ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការធ្វើសមយុទ្ធរួម។ ដោយឡែក ពាក់ព័ន្ធស្ថានភាពព្រំដែនកម្ពុជា-ថៃ លោកអគ្គមេបញ្ជាការ វង្ស ពិសេន បានអះអាងថា កម្ពុជាបន្តប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយមិនទទួលយកការប្រើប្រាស់កម្លាំង ដើម្បីកែប្រែព្រំដែនឡើយ។ ទន្ទឹមគ្នា លោកអគ្គមេបញ្ជាការកងទ័ពកម្ពុជា បានថ្លែងអំណរគុណដល់សិង្ហបុរី ដែលបានគាំទ្របទឈប់បាញ់ និងបញ្ជូននាយទាហានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងស្នើឱ្យសិង្ហបុរីបន្តគាំទ្របេសកកម្មនេះ ដើម្បីធានាការអនុវត្តបទឈប់បាញ់ ព្រមទាំងស្ដារសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី Frederick បានវាយតម្លៃខ្ពស់ចំពោះការអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ លោក បញ្ជាក់ថា៖«សិង្ហបុរីនឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងបេសកកម្ម AOT ដើម្បីជំរុញតម្លាភាព សន្តិភាព និងភាពសុខដុមរមនាក្នុងតំបន់»។ ក្នុងជំនួបដដែលនេះ លោកឧត្តមសេនីយ៍ត្រី លើកឡើងថា ក្នុងពេលបំពេញទទួនាទីជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៧ សិង្ហបុរីនឹងមានរៀបចំកិច្ចប្រជុំការពារជាតិ និងកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន ព្រមទាំងការបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ផងដែរ៕











