មន្ត្រីជំនាញរកឃើញរោងចក្រកាត់ដេរ២នៅខណ្ឌមានជ័យ ដុតកម្ទេចក្រណាត់បំពុលបរិស្ថានធ្ងន់ធ្ងរ
ហាក់ អ៊ីឌី
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ទីតាំង ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបាននិងកំពុងធ្វើសកម្មភាពដុតកម្ទេចក្រណាត់ក្នុងឡចំហាយខុសលក្ខណៈបច្ចេកទេស បង្កជាផ្សែងពុលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ...។

របាយការណ៍លម្អិតពីក្រសួងបរិស្ថាន នៅថ្ងៃទី១៥កក្កដានេះ បានឱ្យដឹងថា ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន XSLJ (CAMBODIA) GARMENT CO., LTD បានលួចដុតកម្ទេចក្រណាត់ក្នុងឡទី១ ប្រមាណ១០០បាវក្នុងមួយថ្ងៃ ទម្ងន់ប្រហែល៣តោន និងប្រើប្រាស់អុសចន្លោះពី១០ទៅ១៥ម៉ែត្រគូបក្នុងមួយថ្ងៃនៅក្នុងឡទី២ ដោយមានប្រើប្រេងម៉ាស៊ូតជួយបង្កើនចំហេះ។ យ៉ាងណា នៅថ្ងៃដដែល មន្ត្រីជំនាញបានបន្តចុះត្រួតពិនិត្យក្រុមហ៊ុន YUN JIAN GARMENT CO., LTD. ប្រើប្រាស់កម្ទេចក្រណាត់បង្កាត់ភ្លើងក្នុងឡចំហាយប្រមាណ១០គីឡូក្រាមក្នុងមួយថ្ងៃ។ អ្វីដែលជាបញ្ហាធ្ងន់ធ្ងរនោះ គឺឡចំហាយ ជាប្រភេទឡធម្មតា និងគ្មានបំពាក់ប្រព័ន្ធចម្រោះដើម្បីសម្អាតផ្សែងនោះឡើយ ធ្វើឱ្យផ្សែងពុលភាយចេញមកក្រៅ មានកម្រិតបំពុលលើសស្ដង់ដារកំណត់។

ជាមួយគ្នា មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុនទទួលរងពិន័យអន្ដរការណ៍ និងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។ ទន្ទឹមនោះ ក្រុមហ៊ុន ក៏ត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ក្នុងឡចំហាយជាបន្ទាន់ ដោយត្រូវបំពាក់ប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ និងអនុលោមភាពតាមស្ដង់ដារកំណត់ ព្រមទាំងតម្រូវឱ្យក្រុមហ៊ុន រៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងពិនិត្យ និងផ្ដល់យោបល់ និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថានផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត