ពលរដ្ឋសង្កាត់ព្រែកឯងបារម្ភខ្លាចបាក់ច្រាំងទន្លេ ដោយសារឈ្មួញឈ្មោះ «ហ៊ាស្រូយ» សម្រុកបូមខ្សាច់ទាំងថ្ងៃទាំងយប់
ហាក់ អ៊ីឌី
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិតាព្រហ្ម សង្កាត់់ព្រែកឯង ខណ្ឌច្បារអំពៅ កំពុងសម្ដែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីមានសកម្មភាពបូមខ្សាច់យ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ដែលរងការចោទប្រកាន់ថា ជាសកម្មភាពរបស់អាជីវករដុះស្លែម្នាក់ឈ្មោះ «ហ៊ាស្រូយ» បណ្ដាលឱ្យមានការបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់...។  

តាមរយៈរូបភាព និងប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មាន SBM News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា សកម្មភាពបូមខ្សាច់នៅក្នុងភូមិសាស្ត្រខាងលើ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងអនាធិបតេយ្យ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់ការរស់នៅ និងការភ័យខ្លាចរបស់ពលរដ្ឋនោះឡើយ។ ការសម្រុកបូមខ្សាច់ទាំងយប់ទាំងថ្ងៃនេះ ត្រូវបានគេកត់សម្គាល់ឃើញថា បានធ្វើឱ្យចរន្តទឹកប្រែប្រួល និងធ្វើឱ្យគ្រឹះដីច្រាំងទន្លេកាន់តែទន់ខ្សោយ រហូតបាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេ ដែលអាចបង្កគ្រោះថ្នាក់ដល់ផ្ទះសម្បែងរបស់ពលរដ្ឋនៅក្បែរនោះគ្រប់ពេល។បន្ថែមលើនេះ ពលរដ្ឋរស់នៅទីតាំងនោះបានលើកឡើងថា ឈ្មួញឈ្មោះ «ហ៊ាស្រូយ» ដែលរងការចោទប្រកាន់ថា ជាមេខ្លោងនៅពីក្រោយសកម្មភាពនេះ ហាក់បីដូចជាមិនញញើតនឹងច្បាប់ទម្លាប់ ឬផលប៉ះពាល់បរិស្ថានទាល់តែសោះ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកឯង សូមអំពាវនាវយ៉ាងទទូចដល់ អភិបាលខណ្ឌច្បារអំពៅ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យ និងបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើសកម្មភាពបូមខ្សាច់ខាងលើនេះ ដើម្បីទប់ស្កាត់គ្រោះថ្នាក់នៃការបាក់ច្រាំងទន្លេបន្ថែមទៀត និងជួយធានាសុវត្ថិភាពជម្រកស្នាក់នៅរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ទាក់ទិនបញ្ហានេះ SBM News បានព្យាយាមសុំការបំភ្លឺពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ តាមប្រព័ន្ធទូរសព្ទ នៅរសៀលថ្ងៃដដែលនេះ ដោយលោកបកស្រាយឡើងធូរថា ក្នុងមូលដ្ឋានដែលលោកគ្រប់គ្រង គឺមិនមានសកម្មភាពបូមខ្សាច់ដូចការលើកឡើងឡើយ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងណែនាំឱ្យការីនិពន្ធសារព័ត៌មានយើងខ្ញុំ ចុះទៅកាន់ទីតាំងនោះផ្ទាល់ ដើម្បីត្រួតពិនិត្យជាមុនសិន ហើយបើមានពិតមានករណីបូបខ្សាច់មែន ចាំទាក់ទងទៅសួរលោកសាជាថ្មី។ ទោះយ៉ាងណាក៏ដោយ មានរូបភាព និងវីដេអូ ដែលបង្ហាញច្បាស់ពីសកម្មភាពបូបខ្សាច់ក្នុងទីតាំងខាងលើ៕   

លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ
លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត