
រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរគុល (อนุทิน ชาญวีรกูล) នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដា ខាងមុខ តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង (Li Qiang)។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសចិន...។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងរួមបញ្ចូលនូវជំនួបកំពូលកម្រិតខ្ពស់ជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ចិន រួមមាន លោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping), លោកនាយករដ្ឋមន្ត្រី លី ឈាំង និងលោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិន។ ក្រៅពីជំនួបការទូត លោកនាយករដ្ឋមន្ត្រីថៃ ក៏នឹងអញ្ជើញចូលរួមក្នុងសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីអភិបាលកិច្ច AI សកល នៅទីក្រុងស៊ាងហៃ ផងដែរ ដើម្បីពង្រីកកិច្ចសហការលើផ្នែកបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ទំនើប។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងបំផុតរបស់លោក អានុទីន ទៅកាន់ប្រទេសចិន ចាប់តាំងពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ។

ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានចូលដល់យុគសម័យថ្មីមួយ បន្ទាប់ពីការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតកាលពីឆ្នាំមុន កាលនោះ ព្រះមហាក្សត្រថៃ មហាវជិរាលង្ករណ ឬមហាវិជ្ជរ៉ាឡុងកន(พระมหาวชิราลงกรณ) បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ចិន សង្ឃឹមយ៉ាងមុតមាំនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីថៃ នាពេលដ៏ខ្លីខាងមុខនេះ នឹងក្លាយជាការជំរុញបន្ថែមដើម្បីបន្តវប្បធម៌មិត្តភាពជាប្រពៃណី និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងភាពរីកចម្រើននៅក្នុងតំបន់។ យ៉ាងណា គេនៅមិនទាន់ដឹងទេថា ដំណើរទស្សនកិច្ចរបស់លោកអនុទីន អាចនឹងមានការរៀបចំឱ្យមានជំនួបទ្វេរភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែរឬទេ ដ្បិតសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញទៅចូលរួមកិច្ចប្រជុំនោះដូចគ្នាដែរ៕



