
រដ្ឋធានីហាណូយ៖ នាដើមខែកក្កដានេះ ក្រុមជួញដូរអាវុធខុសច្បាប់ដ៏ធំមួយ ដែលបានប្រើប្រាស់បណ្តាញសង្គមល្បីៗ ដើម្បីចែកចាយអាវុធទូទាំងប្រទេសវៀតណាម ត្រូវបានកងកម្លាំងនគរបាលជាន់ខ្ពស់ខេត្តក្វាងជិ (Quảng Trị) បើកប្រតិបត្តិការបង្ក្រាបដ៏កក្រើក ដោយរឹបអូសបានអាវុធរាប់រយដើម...។

កិច្ចប្រតិបត្តិការដ៏ធំនេះ ចាប់ផ្តើមឡើង បន្ទាប់ពីនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាវៀតណាម បានរកឃើញគណនីបណ្តាញសង្គមល្បីៗជាច្រើននៅលើកម្មវិធីទិកតុក, ហ្វេសប៊ុក និងយូធូប ដូចជា «អាញ់ ធូ ខាំ (Anh Thư Cam), ហានី យ៉ាមី (Hanny Yammy) និងសប ឌឹក ហ៊ុយ (Shop Đức Huy) ជាដើម បាននិងកំពុងឡាយផ្សាយពាណិជ្ជកម្ម និងបង្ហោះវីដេអូបង្រៀនដំឡើងកាំភ្លើងដើរដោយថាមពលខ្យល់ និងគ្រឿងបន្លាស់អាវុធយោធាយ៉ាងអនាធិបតេយ្យ។ ក្រោយពីធ្វើការតាមដាន និងប្រមូលទិន្នន័យអេឡិចត្រូនិកបានគ្រប់ចំនួន ក្រុមការងារនគរបាលជំនាញវៀតណាម បានបើកការឆ្មក់បង្ក្រាបព្រមៗគ្នា នៅតាមបណ្តាខេត្តភាគខាងជើង។

នៅក្នុងខេត្តថាយង្វៀន (Thái Nguyên) នគរបាលបានឡោមព័ទ្ធរោងជាងមេកានិចខ្នាតធំមួយរបស់មេខ្លោងឈ្មោះ ឡៃ វ៉ាន់ហ៊ឹង (Lại Văn Hưng) អាយុ៣៤ឆ្នាំ ដែលបានបន្លំភ្នែកសមត្ថកិច្ច ជ្រកក្រោមផ្លាកសញ្ញាក្រុមហ៊ុន GLOTECH Vietnam។ នៅខាងក្នុងរោងចក្រនោះ គេបានរកឃើញម៉ាស៊ីនក្រឡឹង និងម៉ាស៊ីនទំនើបៗ ដែលត្រូវបានប្រើប្រាស់សម្រាប់ផលិតគ្រឿងបន្លាស់កាំភ្លើងយោធាប៉ុណ្ណោះ។ វត្ថុតាងដែលត្រូវបានរឹបអូសរួមមាន៖ កាំភ្លើងទំនើបដំឡើងរួចរាល់ជាច្រើនដើម និងគ្រឿងបង្គុំរាប់ពាន់ដុំ, ប្រព័ន្ធគន្លឹះកាំភ្លើងកម្រិតអាវុធសង្រ្គាម, គ្រាប់សំណ និងវត្ថុធាតុដើមរាប់ពាន់គ្រាប់។ សមត្ថកិច្ច ក៏បានបន្តពង្រីកការស៊ើបអង្កេត ឈានទៅដល់ការត្រួតពិនិត្យផ្ទះសម្បែងរបស់បក្ខពួក២នាក់ទៀត នៅខេត្តបាក់និញ (Bắc Ninh) ដកហូតបានបំពង់បំបាត់សំឡេង ឬ Silencer, កាណុងកាំភ្លើង, និងពុម្ពផលិតគ្រាប់កាំភ្លើងរាប់រយដុំបន្ថែមទៀត។

ការបំបែកសំណុំរឿងនេះ មិនត្រឹមតែឃាត់ខ្លួនមេខ្លោងធំៗនោះទេ ប៉ុន្តែសមត្ថកិច្ចបានតាមប្រមាញ់រហូតដល់អ្នកទិញផងដែរ ដោយរឹបអូសបានអាវុធរាប់រយដើមបន្ថែមទៀតពីដៃអតិថិជន ដែលបានទិញយកទៅប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់។ បច្ចុប្បន្ន ជនសង្ស័យសំខាន់ៗត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជាមួយគ្នា ភ្នាក់ងារនគរបាលបានចេញការព្រមាន និងបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់បុគ្គលទាំងហ្លាយណាដែលបានទិញ ឬកំពុងកាន់កាប់អាវុធពីបណ្តាញងងឹតនេះ ឱ្យប្រញាប់យកមកប្រគល់ជូនសមត្ថកិច្ចជាបន្ទាន់ ដើម្បីទទួលបានការបន្ធូរបន្ថយទោស ព្រោះរាល់ការលាក់ទុក ឬជួញដូរអាវុធខុសច្បាប់ ដែលត្រូវបានរកឃើញជាបន្តបន្ទាប់ នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕




