វៀតណាមងាកមករកធ្យូងថ្មវិញ ក្រោយសង្រ្គាមនៅអ៊ីរ៉ង់ធ្វើឱ្យរាំងស្ទះផែនការឧស្ម័នធម្មជាតិរាវ
N
Nary Vann
8 ម៉ោងមុន

រដ្ឋធានីហាណូយ៖ រដ្ឋាភិបាលវៀតណាម ប្រកាសថា កំពុងពិចារណាលើការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មបន្ថែមទៀត ដើម្បីធានាឱ្យបានសន្តិសុខថាមពលជាតិសម្រាប់គាំទ្រដល់សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិសង្រ្គាមនៅអ៊ីរ៉ង់បានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ និងពន្យារពេលដល់ការអភិវឌ្ឍគម្រោងថាមពលហ្កាសធម្មជាតិរាវ (LNG) របស់វៀតណាម។

វៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ធ្លាប់បានកំណត់ទិសដៅយុទ្ធសាស្ត្រថាមពលជាតិឆ្នាំ២០៣០ ដោយផ្ដោតលើការសាងសង់រោងចក្រដើរដោយថាមពលហ្កាស LNG ឱ្យបានដល់សមត្ថភាព២២,៥ជីហ្កាវ៉ាត់ (GW)។ ទោះជាយ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ វៀតណាមសម្រេចបានត្រឹមតែ ៧,៣ភាគរយប៉ុណ្ណោះនៃផែនការ ដោយសារតែឧបសគ្គផ្នែកច្បាប់ កង្វះការចាប់អារម្មណ៍ពីវិនិយោគិន ហើយកាន់តែដុនដាបខ្លាំងទៀតនោះ គឺវិបត្តិសង្រ្គាមនៅអ៊ីរ៉ង់នាពេលបច្ចុប្បន្ន បានបង្កជាក្ដីបារម្ភកាន់តែខ្លាំងជុំវិញការរំខានដល់សន្តិសុខនៃការដឹកជញ្ជូនហ្កាស LNG ទៅកាន់ទីផ្សារពិភពលោក។

ផ្អែកតាមទិន្នន័យពីក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម ទិន្នផលអគ្គិសនីក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ បានហក់ឡើងដល់ទៅជាង១៧១ពាន់លានគីឡូវ៉ាត់ម៉ោង ដែលក្នុងនោះ ថាមពលដើរដោយធ្យូងថ្មកំពុងក្តោបក្តាប់ចំណែករហូតដល់ទៅ៥៤,៥ភាគរយទៅហើយ។ តាមរយៈសេចក្តីថ្លែងការណ៍ រដ្ឋាភិបាលវៀតណាមបានគូសបញ្ជាក់ថា ការកែសម្រួលផែនការថាមពលជាតិ ដោយងាកមកបន្ថែមគម្រោងធ្យូងថ្មនាពេលនេះ គឺជារឿងមិនអាចខ្វះបាន ដើម្បីបង្ការវិបត្តិឱនភាពថាមពល ស្របពេលការផ្គត់ផ្គង់ហ្កាសពីតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្នុងភាពស្រពេចស្រពិលខ្លាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត