
រាជធានីបាងកក៖ នៅលើបណ្តាញសង្គម និងនៅលើបណ្តាញសារព័ត៌មាន គេបានឃើញវីដេអូជាហូរហែអំពីសកម្មភាព លោក អនុទីន ឆានវីរគុល នាយករដ្ឋមន្រ្តីថៃ ច្រៀងរាំ និងលេងឧបករណ៍តន្រ្តីផ្សេងៗ (ពេលខ្លះ លោកបង្ហាញកាយវិការបែបអាឡិកអាឡក់ គួរឱ្យអស់សំណើច តែលោកហាក់មិនដឹងខ្លួន ហើយនៅតែបន្តបញ្ចេញកាយវិការបែបនេះជាដដែលៗ)។

ការកម្សាន្តជាមួយសិល្បៈតន្រ្តី ពុំមែនជារឿងខុសឆ្គងឡើយ ប៉ុន្តែមិនមែនគ្រប់ពេល គ្រប់ទីកន្លែងនោះទេ សម្រាប់ថ្នាក់ដឹកនាំកម្រិតជាតិ។ បញ្ហា អនុទីន នៅត្រង់នេះឯង គឺគេសង្កេតឃើញលោកសប្បាយជាមួយតន្រ្តីក្នុងពេលវេលាខ្លះ ដែលមើលទៅខុសទំនង និងមិនសមគួរ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីបមួយបែកធ្លាយពេញបណ្តាញសង្គម បង្ហាញពីលោក អនុទីន និងភរិយាទី៣ ចូលរួមទស្សនាការប្រគំតន្រ្តី ឬ Concert ក្នុងពេលរាត្រី។ ដំបូង លោក គ្រាន់តែស្រែកច្រៀងតាមអ្នកចម្រៀងនៅលើឆាក ហើយបន្ទាប់មក លោក ក៏ក្រោកឈររាំជាមួយភរិយាយ៉ាងសប្បាយ។ សារព័ត៌មានថៃ Thai Enquirer (ថៃ អ៊ិនខ្វាយអ៊ើរើ) បានបង្ហោះវីដេអូនេះ នៅម៉ោងជាង៦យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

សារព័ត៌មាននេះ បានស្រង់មតិ២ផ្ទុយគ្នារបស់ពលរដ្ឋថៃ គឺ១ ចាត់ទុកជារឿងធម្មតា និង១ទៀត ចាត់ទុកជារឿងខុសឆ្គង ឬមិនសូវសមរម្យក្នុងនាមជាមេដឹកនាំប្រទេសទាំងមូល។ «ប្រជាជន កំពុងជួបទុក្ខលំបាកជារៀងរាល់ថ្ងៃ ប៉ុន្តែនាយករដ្ឋមន្រ្តី បែរជាកំពុងរាំយ៉ាងសប្បាយទៅវិញ»។ «លោកនាយករដ្ឋមន្រ្តី មិនដែលបង្ហាញខ្លួននៅរដ្ឋសភាទេ ប៉ុន្តែបែរជាឃើញមុខនៅកន្លែងប្រគំតន្រ្តី»។ ទាំងនេះ ជាមតិរិះគន់ និងការសើចចំអករបស់ពលរដ្ឋថៃ ដែលមិនពេញចិត្តនឹងសកម្មភាពរាំច្រៀងរបស់នាយករដ្ឋមន្រ្តីខ្លួន។

សារព័ត៌មាន Thai Enquirer បង្ហោះវីដេអូរបស់ លោក អនុទីន រាំច្រៀងនៅកន្លែងប្រគំតន្រ្តី ចំយប់តែមួយ ដែលថៃជួបសោកនាដកម្មឆេះក្លិបកម្សាន្តមួយកន្លែងក្នុងរាជធានីបាងកក បណ្ដាលឱ្យមនុស្សប្រមាណ៣០នាក់ស្លាប់ និងប្រមាណ៧០នាក់រងរបួស។ វីដេអូ លោក អនុទីន នៅកន្លែងប្រគំតន្រ្តី ត្រូវបានបង្ហោះនៅម៉ោងជាង៦យប់ ហើយរហូតដល់ម៉ោងជិត១២យប់ ក៏ផ្ទុះព័ត៌មានអំពីមានករណីឆេះក្លិបតែម្ដង។ គេឃើញ លោក អនុទីន ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយថែមទាំងបង្ហាញទឹកមុខស្រពោន និងសម្រក់ទឹកភ្នែកទៀតផង ពេលឈរពីមុខកាមេរ៉ា និងពេលនិយាយជាមួយអ្នកកាសែត។

ប៉ុន្តែ១ថ្ងៃក្រោយ លោក អនុទីន ក៏បង្ហាញភាពសប្បាយរីករាយជាមួយតន្រ្តីជាធម្មតា ទោះប្រទេសទើបនឹងជួបសោកនាដកម្មឆេះក្លិបមានមនុស្សស្លាប់ និងរបួសច្រើននាក់ក៏ដោយ។ គេអាចនឹងចោទសួរថា តើ លោក អនុទីន ស្រក់ទឹកភ្នែកមែន ឬជាការសម្ដែង? នៅថ្ងៃទី១៤ ខែកក្កដា យុវតីជាតន្រ្តីករវ័យក្មេងម្នាក់ ឈ្មោះ ណេណេ (Nene) ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តីថៃ ដើម្បីទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំប្រទេស មុននាងចេញទៅសម្ដែង និងប្រកួតប្រជែងក្នុងកម្មវិធី American Got Talent។ ពេលនោះ ក្រុមតន្ត្រីរបស់ណេណេ បានលេងតន្រ្តី ដោយណេណេ ជាអ្នកលេងហ្គីតា ខណៈលោក អនុទីន ជាអ្នកច្រៀង។ ចំណែកមន្រ្តីរាជរដ្ឋាភិបាលផ្សេងទៀត ក៏ងក់ក្បាលចុះឡើងៗ និងធ្វើកាយវិការទៅតាមចង្វាក់ភ្លេងដែរ។

មិនមែនតែក្នុងប្រទេសទេ! សូម្បីពេលទៅបំពេញទស្សនកិច្ច និងចូលរួមប្រជុំនៅក្រៅប្រទេស ក៏អនុទីន ប្រឹងដើរតួជាអ្នកសិល្បៈដែរ ដោយព្យាយាមលេងឧបករណ៍តន្រ្តីផ្សេង និងច្រៀង នៅក្នុងចំណោមបណ្តាមេដឹកនាំប្រទេសនានា ដោយមិនខ្វល់នឹងការសើចចំអករបស់អ្នកដទៃឡើយ (សំខាន់ លោកទំនងជាគិតថា ខ្លួនឯងពូកែ ទទួលការសរសើរ និងការចាប់អារម្មណ៍ពីបរទេស នៅពេលលោកបញ្ចេញសមត្ថភាពផ្នែកសិល្បៈបែបនេះ)។ ទោះយ៉ាងណាក៏ដោយ ក្នុងឋានៈជាមេដឹកនាំប្រទេស បើបង្ហាញការសប្បាយជាមួយតន្រ្តីជ្រុលហួសហេតុពេក ឬក្នុងកាលៈទេសៈដែលប្រជាជនកំពុងជួបការលំបាក នោះច្បាស់ជាត្រូវប្រជាជនរិះគន់ជាមិនខាន (ករណីអនុទីនដែលបានបរិយាយមកខាងលើ គឺជាឧទាហរណ៍ជាក់ស្តែង)៕




