ប្រវត្តិសាស្ត្រច្រំដែល! គោជល់អេស្ប៉ាញលត់មាន់គកបារាំង ២-០ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ
ហៀប ស៊ីថេត
19 ម៉ោងមុន

World Cup៖ ក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ បានធ្វើឱ្យក្រុមដែលមានសង្ឃឹមខ្ពស់ជាងគេក្នុងព្រឹត្តិការណ៍ World Cup 2026 គឺ មាន់គកបារាំង តក់ស្លុតយ៉ាងខ្លាំង តាមរយៈការយកឈ្នះដោយលទ្ធផល២ទល់នឹងសូន្យ ដើម្បីឡើងទៅកាន់កៅអីវគ្គផ្តាច់ព្រ័ត្រ។ ក្រុមគោជល់អេស្ប៉ាញ បង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយក្រុមមាន់គកបារាំងស្ទើរតែគ្មានឱកាសស៊ុតបាល់ចំគោលដៅសោះឡើយ ហើយបានបញ្ចប់ក្តីសុបិនបារាំងចង់ឈ្នះពានពិភពលោកមួយនេះជាលើកទី៣...។

ការស៊ុតបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ នៅវគ្គទីមួយដោយកីឡាករ មីកែល អូយ៉ាហ្សាបាល (Mikel Oyarzabal) និងគ្រាប់បាល់នៅនាទី៥៨ របស់កីឡាករ ផេដ្រូ ប៉ូរ៉ូ (Pedro Porro) ធ្វើឱ្យក្រុមមាន់គក[បារាំង] មិនអាចបន្តដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្របានឡើយ តែបានទៅអង្គុយចាំនៅកៅអីដណ្តើមយកចំណាត់ថ្នាក់លេខ៣ ដោយរង់ចាំអ៊ុតការប្រកួតរវាងក្រុមពពក-សអាហ្សង់ទីនប្រកួតជាមួយស្តេចតោរោមមាសអង់គ្លេសនៅយប់នេះ។ ក្រុមគោជល់អេស្ប៉ាញ ដែលជាម្ចាស់ជើងឯក World Cup ឆ្នាំ២០១០ ឥឡូវបានឡើងទៅអង្គុយចាំនៅកៅអីជើងឯក រង់ចាំក្រុមពពក-ស អាហ្សង់ទីនតោកំណាចអង់គ្លេស នាវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យទី១៩ ខែកក្កដា ខាងមុខនេះ។

សូមជម្រាបថា ក្រុមមាន់គកបារាំង មានឱកាសឈ្នះពានជើងឯកច្រើនជាងគេក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែនៅក្នុងជំនួបតទល់ជាមួយក្រុមគោជល់អេស្ប៉ាញ តំបន់ប្រយុទ្ធទាំង៤ដ៏ខ្លាំងក្លារបស់បារាំង រួមមាន៖ ប្រធានក្រុម គីលៀន អឹមបាប៉េ (Kylian Mbappe), ម្ចាស់ពានរង្វាន់ Ballon D'Or កីឡាករ អ៊ូស្មាន់ ដេម្បេឡេ (Ousmane Dembele), ប្រេដឡី បាកូឡា (Bradley Barcola) និង ម៉ៃឃើល អូលីសេ (Michael Olise) ត្រូវបានបិទជិតឈឹង ដោយខ្សែការពារមានគុណភាពរបស់អេស្ប៉ាញ។ ទម្រង់លេងដ៏មានឥទ្ធិពល ដឹកនាំដោយខ្សែបម្រើរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ មានកីឡាករ រ៉ូឌ្រី (Rodri) និងគាំទ្រដោយកីឡាករ ហ្វាប៊ីអាន រូអ៊ីស (Fabian Ruiz) ព្រមទាំងកីឡាករ ដានី អូលម៉ូ (Dani Olmo) មិនបណ្តោយឱ្យក្រុមមាន់គកបារាំង មានឱកាសគ្រប់គ្រងការប្រកួតបានឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត