
ក្រុងប៉ោយប៉ែត៖ សាធារធាតុញៀនជាច្រើនប្រភេទ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរឹបអូស ខណជនជាតិឥណ្ឌូណេស៊ីចំនួន២នាក់ត្រូវចាប់ខ្លួន ស្ថិតក្នុងភូមិសាស្ត្រសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ...។

ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ, លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់កម្លាំងជំនាញធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតឈានទៅដល់ការឃាត់ខ្លួនជនបរទេសទាំង២នាក់ ជាក់ស្តែងតែម្ដង ដែលរួមមាន៖ ទី១ឈ្មោះ វីល្លី Willy អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ដេស៊ី អារីតូណាង Desi Aritonang អាយុ២០ឆ្នាំ។

ជាមួយគ្នា អាជ្ញាធរបានបន្តធ្វើការដកហូតវត្ថុតាងរថយន្តមួយគ្រឿង, ក្បាល POD K សម្រាប់បំពាក់លើបារីអេឡិចត្រូនិក ដែលវេចខ្ចប់រួចចំនួន១៧ថង់, ថ្នាំសប្បាយចំនួន០៣កញ្ចប់, ទឹកថ្នាំចំនួន០៤ដប រួមទាំងឧបករណ៍មួយចំនួនទៀតដែលបម្រើឱ្យការប្រព្រឹត្តបទល្មើស។ បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕





