អាជ្ញាធរកំណត់ពេលឱ្យអាជីវករជួលឈុតបុរាណនៅអង្គរវត្ត ឈប់ប្រើកំណាត់របស់ថៃ ខណៈអ្នកស្លៀកឈុតបុរាណខ្មែរខុសទម្រង់ដើមមិនអនុញ្ញាតឱ្យចូលអង្គរវត្តទៀតទេ
S
Soriya Sou
មួយម៉ោងមុន

ក្រុងសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានសម្រេចដាក់កំហិត លែងអនុញ្ញាតឱ្យអ្នកស្លៀកសម្លៀកបំពាក់បុរាណខ្មែរកែច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ ចូលទស្សនាប្រាសាទអង្គរទៀតឡើយ…។

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរដែនដី រួមទាំងប៉ូលិសការពារបេតិកភណ្ឌ បានជួបសំណេះសំណាលជាមួយក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់បែបខ្មែរបុរាណឱ្យភ្ញៀវទេសចរ ដែលបានទៅទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការចុះជួបនេះ ដើម្បីពន្យល់ក្រុមអាជីវករទាំងអស់ ឱ្យយល់ដឹងបានត្រឹមត្រូវនូវរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ខ្មែរ និងយល់ដឹងថា អ្វីដែលមិនមែនជាប្រពៃណីខ្មែរ ហើយបម្រើឱ្យវប្បធម៌បរទេស។

លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា ថ្លែងថា ការជួលសម្លៀកបំពាក់ ឬឈុតបុរាណមួយចំនួននៅក្នុងតំបន់អង្គរ មិនត្រឹមត្រូវតាមទម្រង់ដើម មានការរិះគន់ជាបន្តបន្ទាប់ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃនៃវប្បធម៌ខ្មែរ។ ដូច្នេះ អាជ្ញាធរជាតិអប្សរា ដាក់កំហិតចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦តទៅ ចំពោះអ្នកស្លៀកសម្លៀកបំពាក់បុរាណ ដែលច្នៃខុសពីទម្រង់ដើមនៃបែបផែនខ្មែរ គ្មានក្បួនខ្នាតត្រឹមត្រូវ ឬប្រាសចាកពីទម្រង់ដើម គឺមិនអនុញ្ញាតឱ្យចូលទៅទស្សនាអង្គរទៀតឡើយ។ ដោយឡែក ចំពោះសម្លៀកបំពាក់ដែលប្រើប្រាស់កំណាត់មកពីថៃ គឺត្រូវបញ្ចប់ជាស្ថាពរ នៅត្រឹមខែមករា ឆ្នាំ២០២៧ខាងមុខ។

លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា (រូបឈរ)។ 
លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា (រូបឈរ)។ 

លោក ចាន់ សោភ័ន មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា បច្ចុប្បន្ន អាជីវករមួយចំនួននៅខាងមុខបរិវេណប្រាសាទអង្គរវត្ត បានជួលឈុតបុរាណ ដែលបានស្លៀកពាក់ខុសពីទម្រង់ដើម មាន៧០ភាគរយ ជាពិសេស ការប្រើប្រាស់កំណាត់ និងគ្រឿងអលង្ការនាំចូលមកពីប្រទេសថៃ។ សកម្មភាពនេះ គឺប្រាសចាកពីអត្តសញ្ញាណជាតិ និងវប្បធម៌របស់ខ្មែរទាំងស្រុង ដូចជា ការបម្រើឱ្យវប្បធម៌បរទេស។ លោកពន្យល់ថា ការស្លៀកពាក់តាមបែបបុរាណខ្មែរ គឺត្រូវតែប្រើកំណាត់ និងគ្រឿងអលង្ការដែលជារបស់ខ្មែរ ហើយក៏មិនត្រូវកែច្នៃឈុតណាមួយឱ្យខុសពីក្បួនខ្នាតខ្មែរដែរ។ ការប្រើគ្រឿងអលង្ការ និងកំណាត់ទៀតសោត ក៏មិនត្រឹមត្រូវទៅតាមឋានៈរបស់មនុស្សខ្មែរក្នុងសម័យបុរាណដែរ។

លោក ចាន់ សោភ័ន មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ជាអ្នកជំនាញលើសិល្បៈបុរាណខ្មែរ។ 
លោក ចាន់ សោភ័ន មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ជាអ្នកជំនាញលើសិល្បៈបុរាណខ្មែរ។ 

មន្រ្តីអាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ខេត្តសៀមរាប បានសំណូមពរឱ្យក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់ ឬឈុតបុរាណ កាត់បន្ថយរហូតឈានដល់ការបញ្ឈប់ការប្រើប្រាស់កំណាត់បរទេស ដូចជា៖ កំណាត់ដែលមានតម្លៃថោកៗ ដែលនាំចូលពីប្រទេសថៃទាំងស្រុង ហើយងាកមកប្រើហូល, សូត្រ, ឬល្បើកពេជ្រ ល្បើករងជើង, និងអលង្កការខ្មែរ ដែលជាការលើកតម្លៃអ្នកតម្បាញ និងជាងទងខ្មែរ ហើយវប្បធម៌ខ្មែរនៅគង់វង្សមិនបាត់បង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត