ជាង៦ខែក្រោយបទឈប់បា.ញ់ ពលរដ្ឋខ្មែរជាង២ម៉ឺននាក់នៅតែមិនអាចវិលទៅលំនៅឋានវិញបាន
អុន សម្ផស្ស
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ ទោះបទឈប់បាញ់រវាងកម្ពុជា-ថៃ ត្រូវបានប្រកាសអស់រយៈពេលជាងកន្លះឆ្នាំទៅហើយក្ដី ពលរដ្ឋខ្មែរភាគីច្រើនជាស្ត្រី និងកុមារប្រមាណ ២០៤២៣នាក់ នៅតែបន្តភៀសខ្លួនមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបានឡើយ ខណៈផ្ទះរបស់ពួកគេទាំងនោះ ភាគច្រើន ស្ថិតនៅតំបន់ព្រំដែន ដែលថៃឈ្លានពានរំលោភកាន់កាប់ព័ទ្ធយកដោយខុសច្បាប់...។

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រុមអ្នកសម្របសម្រួល(CLG)កម្ពុជា បានជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានចំនួន២៩៥គ្រួសារ។ ក្រសួងការពារជាតិកម្ពុជា ប្រកាសព័ត៌មាននេះ ដោយអះអាងថា៖«រហូតមកទល់ពេលនេះ ជនភៀសសឹកទាំងអស់[នេះ] នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញ បាននៅឡើយទេ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ពីសំណាក់កងកម្លាំងយោធាថៃ នៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែង ក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ»។ 

ក្រសួងចាត់ទុកដំណើរចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់កន្លែងជនភៀសសឹក របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គឺជាការគូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមនៃកិច្ចការវាស់វែងខ័ណ្ឌសីមា ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំណុចទី៣ នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងគោលដៅ អនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា អាចវិលត្រលប់ទៅលំនៅឋានវិញ ដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្រសួងបន្ថែមថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត