មន្ទីររ៉ែខេត្តព្រៃវែង ច្រានចោលការចោទប្រកាន់ និងបំភ្លឺសកម្មភាពអាជីវកម្មក្រុមហ៊ុន«គ្លូប៊លហ្គ្រីន»
ហាក់ អ៊ីឌី
3 ម៉ោងមុន

ក្រុងព្រៃវែង៖ មន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន និងស្រាយបំភ្លឺជាផ្លូវការ ដើម្បីឆ្លើយតបទៅនឹងមតិរិះគន់ ក៏ដូចជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជុំវិញសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន គ្លូប៊លហ្គ្រីន (Global Green) ដែលរងការចោទប្រកាន់ថា កំពុងបង្កផលប៉ះពាល់ដល់បរិស្ថាន និងច្រាំងទន្លេ...។   

តាមរយៈសេចក្ដីបំភ្លឺនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កាលពីពេលថ្មីៗ មានគណនីហ្វេសប៊ុកឈ្មោះ រស្មី-Raksmey បានធ្វើការផ្សាយផ្ទាល់តាមបណ្ដាញសង្គម រួមជាមួយការលើកឡើងនូវមតិមួយចំនួន ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មបូមខ្សាច់នៅដងទន្លេ ស្ថិតនៅឃុំព្រែកខ្សាយ"ក" ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងន័យនេះ ដើម្បីកុំឱ្យមានការភាន់ច្រឡំ ចំពោះការលើកឡើងរបស់គណនីហ្វេសប៊ុកខាងលើ មន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង សូមអះអាងថា ក្រុមហ៊ុន «គ្លូប៊លហ្គ្រីន» (ខេមបូឌា) អេនើជី ឌីវេឡុបមេន កំពុងប្រតិបត្តិអាជីវកម្មបូមខ្សាច់ ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពល។ មិនត្រឹមតែប៉ុណ្ណោះ ទីតាំងបូមខ្សាច់របស់ក្រុមហ៊ុន សុទ្ធសឹងតែមានការពិនិត្យពីក្រសួងរ៉ែ និងថាមពល ក្រសួងស្ថាប័នពាក់ព័ន្ធ និងបាន សិក្សាច្បាស់លាស់អំពីផលប៉ះពាល់សេដ្ឋកិច្ចសង្គម បរិស្ថាន និងបានកំណត់ទីតាំងសក្តានុពល (ZONING) រ៉ែ ដែលអាចអនុញ្ញាតឱ្យធ្វើប្រតិបត្តិការរ៉ែខ្សាច់សំណង់។

បន្ថែមលើនេះ ក្រុមហ៊ុនបានប្រតិបត្តិការអាជីវកម្មបូមខ្សាច់ ស្របតាមលក្ខខណ្ឌកំណត់ ដោយបូមខ្សាច់ក្នុងដែនអាជ្ញាបណ្ណ មានបំពាក់ស្លាកសញ្ញា(Logo)ក្រុមហ៊ុនលើ សាឡង់ និងគោរពតាមពេលវេលាអាជីវកម្មដែលបានកំណត់ ពោលគឺចាប់តាំងពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាច បានបង់សួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ បានត្រឹមត្រូវ។ បច្ចុប្បន្ន រដ្ឋបាលខេត្តព្រៃវែង បង្កើតក្រុមការងារត្រួតពិនិត្យការធ្វើអាជីវកម្មបូមខ្សាច់នៅចំណុចទីតាំងខាងលើ ដើម្បីតាមដាន ត្រួតពិនិត្យការធ្វើអាជីវកម្មបូមខ្សាច់ ឱ្យប្រព្រឹត្តទៅដោយអនុលោមតាមច្បាប់ និងស្របតាមលក្ខខណ្ឌអាជ្ញាបណ្ណ ដែលក្រសួងរ៉ែ និងថាមពលបានកំណត់។

ទោះយ៉ាងណា ក្រោយមានការបំភ្លឺពីសំណាក់មន្ទីររ៉ែ និងថាមពល ស្រាប់តែម្ចាស់គណនីដែលមានឈ្មោះថា Raksmey-រស្មី បង្ហោះវីឌីអូឃ្លីមួយមានខ្លឹមសាថា៖ បងប្អូនជិតខាងផ្ទះខ្ញុំ កុំភ័យ​ដូចប៉ាខ្ញុំ[រូបសញ្ញាស្ទីគ័រសើច]។ ​ក្រុមហ៊ុន​គេមកបូមខ្សាច់នេះ​មាន​ច្បាប់​ទម្លាប់មាន​អាជ្ញាបណ្ណ​ត្រឹមត្រូវ​ អាចបូមខ្សាច់បាននៅតំបន់នឹង គេបូមខ្សាច់ដើម្បីដំរង់[តម្រង់]មុខទឹកកុំឱ្យបាក់ច្រាំងទន្លេ​។ ម្សិលមិញ​ខ្ញុំចេញ​ [វីដេអូ]videoនិយាយ​ខុស​ ឥឡូវ​សុំចេញ​video និយាយ​ឱ្យត្រូវវិញ[រូបសញ្ញាស្ទីគ័រសើច]

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត