អ្នកល្មើសច្បាប់ផ្លូវថ្នល់ថ្មី ប្រឈមនឹងការព្យួរបណ្ណបើកបរ១ឆ្នាំ និងរងការពិន័យធ្ងន់ធ្ងរ១លានរៀលក្នុងទម្ងន់លើស១តោន
អុន សម្ផស្ស
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ ដើម្បីទប់ស្កាត់យានយន្ត​ដឹកលើស​ទម្ងន់ និងបន្ថយថ្លៃ​ដឹក​ជញ្ជូន រដ្ឋសភា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានអនុម័តប្រញាប់ធ្វើវិសោធនកម្មច្បាប់ផ្លូវថ្នល់១៥មាត្រា ដើម្បី​​​សម្រួលដល់​អ្នក​ប្រើ​​ប្រាស់ផ្លូវឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ កាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ ធានា​បាន​នូវ​ចីរភាព និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ វិសោធនកម្មច្បាប់ផ្លូវថ្នល់នេះ ត្រូវព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦...។

ក្នុងព្រះរាជក្រមកម្រាស់៩ទំព័រ ច្បាប់ផ្លូវថ្នល់មាត្រា២៦ថ្មី បានកំណត់ទម្ងន់អនុញ្ញាតអតិបរមាសម្រាប់ការផ្ទុកទំនិញលើរថយន្តរ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលធ្វើចរាចរណ៍លើបណ្តាញផ្លូវថ្នល់ទូទាំងប្រទេស។ តាមបទប្បញ្ញត្តិ ការផ្ទុកទំនិញមិនត្រូវលើសទម្ងន់សង្កត់លើភ្លៅ និងទម្ងន់សរុបអតិបរមាដែលកំណត់ដោយរោងចក្រផលិតឡើយ។ ទម្ងន់សរុបអនុញ្ញាតអតិបរមាសម្រាប់រថយន្តមានចាប់ពី ១៦ដល់៣៥តោន អាស្រ័យលើចំនួនភ្លៅ។ ចំណែករថយន្តសណ្តោងរ៉ឺម៉កអនុញ្ញាតចាប់ពី៣៦ដល់៥០តោន និងរថយន្តសណ្តោងសឺមីរ៉ឺម៉កអនុញ្ញាតចាប់ពី ៣៥ដល់៤៩តោន ស្របតាមចំនួនភ្លៅ និងលក្ខណៈបច្ចេកទេសរបស់យានយន្ត។ រីឯ រថយន្តសណ្តោងរ៉ឺម៉ក ឬរថយន្តសណ្តោងសឺមីរ៉ឺម៉កដែលមានលើសពី៦ភ្លៅ ត្រូវទទួលបានលិខិតអនុញ្ញាតពិសេសពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ មុនអនុញ្ញាតឱ្យធ្វើការដឹកជញ្ជូន។

ទន្ទឹមនឹងនេះមាត្រា៦០ថ្មី ក៏បានចែងពីកម្រិតទោសចំពោះ អ្នកបើកបរដែលមិនចូលថ្លឹងនៅស្ថានីយថ្លឹងតាមបណ្តាញផ្លូវនឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់១លានរៀល ហើយក្នុងករណីប្រព្រឹត្តបទល្មើសដដែលម្ដងទៀត ក្នុងរយៈពេល១២ខែ នឹងត្រូវពិន័យជាប្រាក់ទ្វេដង។ ដោយឡែក ចំពោះយានយន្តដែលផ្ទុកទំនិញលើសទម្ងន់កំណត់ ត្រូវរើទំនិញចេញជាមុន និងត្រូវផាកពិន័យជាប្រាក់ចាប់ពី១០ម៉ឺនរៀលដល់១លានរៀល ក្នុងទម្ងន់លើស១តោន ព្រមទាំងអាចត្រូវដក ឬព្យួរបណ្ណបើកបររយៈពេលចាប់ពីមិនលើស១០ថ្ងៃ រហូតដល់១២ខែ អាស្រ័យលើកម្រិតនៃការប្រព្រឹត្តបទល្មើស។ ក្នុងករណីប្រព្រឹត្តបទល្មើសសាជាថ្មីក្នុងរយៈពេល១២ខែ នឹងត្រូវពិន័យ១លានរៀល ក្នុងទម្ងន់លើស១តោន និងព្យួរលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនរយៈពេល១២ខែ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត