
រាជធានីបាងកក៖ នាយកដ្ឋានឧតុនិយមថៃ (TMD) បានចេញសេចក្តីព្រមានអំពីការធ្លាក់ភ្លៀងខ្លាំងនៅក្នុងខេត្តចំនួន២៩នៃអតីតដែនដីកម្ពុជាលើ ចាប់ពីថ្ងៃចន្ទទី១៣កក្កដានេះតទៅ។ សភាពការណ៍អាកាសធាតុអាក្រក់នៅក្នុងប្រទេសថៃនេះ បណ្ដាលមកពីខ្យល់មូសុងនិរតីបោកបក់ខ្លាំងនៅលើសមុទ្ទអាន់ដាម៉ាន់ និងប្រព័ន្ធសម្ពាធទាបគ្របដណ្ដប់លើភាគខាងលើនៃប្រទេសវៀតណាម...។

ប្រជាពលរដ្ឋត្រូវបានព្រមានឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតមាន រួមមានជំនន់ទឹកភ្លៀង និងការហូរគំហុកនៃទឹកពីតំបន់ភ្នំ ជាពិសេសនៅតំបន់ទំនាប និងតំបន់ក្បែរផ្លូវទឹក។ សេចក្តីព្រមាននេះ ក៏រួមបញ្ចូលទាំងខ្យល់កន្ត្រាក់ និងរលកសមុទ្ទខ្ពស់ៗរហូតដល់៤ម៉ែត្រនៅក្នុងសមុទ្ទអាន់ដាម៉ាន់ និងឈូងសមុទ្ទ។ ការណ៍នេះ បានជំរុញឱ្យទូកតូចៗទាំងអស់ផ្អាកការចេញដំណើរ និងចតចោលនៅក្បែរច្រាំង។ ក្នុងរយៈពេល ២៤ម៉ោងខាងមុខ ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករនៅតាមតំបន់មួយចំនួននៃប្រទេសថៃ ដោយមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតា នៅផ្នែកខ្លះនៃភាគឦសានខាងលើ ភាគខាងលិចនៃតំបន់កណ្តាល ភាគខាងកើត និងឆ្នេរខាងលិចនៃភាគខាងត្បូងប្រទេសថៃ។

រាជធានីបាងកក និងខេត្តជុំវិញ មានភ្លៀង និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី ៦០ភាគរយ។ ចំណែកតំបន់ភាគខាងជើង មានភ្លៀង និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី ៧០ភាគរយ, ភាគឦសាន មានភ្លៀង និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី៧០ភាគរយ ដោយមានភ្លៀងធ្លាក់ខ្លាំងទៅៗនៅខេត្តណងខៃ (หนองคาย), បឿងកាន (บึงกาฬ), ឧត្តរធានី (อุดรธานี), សកលនគរ (สกลนคร), នគរភ្នំ (นครพนม), មុក្តាហារ (มุกดาหาร), អំណាចច្រើន(อำนาจเจริญ) និងឧប្បលរាជធានី (อุบลราชธานี)។ ដោយឡែក តំបន់កណ្តាល មានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ ដោយមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តកញ្ចនបុរី (กาญจนบุรี) និងរាជបុរី (ราชบุรี)។

រីឯ ភាគខាងកើត មានភ្លៀង និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ ដោយមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តនគរនាយក (นครนายก), ព្រះជិនបុរី (ปราจีนบุรี), ស្រះកែវ (สระแก้ว), ចន្ទបុរី (จันทบุรี) និងត្រាច (ตราด)។ រលកសមុទ្ទមានកម្ពស់២ទៅ៣ម៉ែត្រ និងអាចខ្ពស់ជាង៣ម៉ែត្រពេលមានព្យុះភ្លៀង។ សម្រាប់ភាគខាងត្បូង មានភ្លៀង និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ និងភាគខាងត្បូង មានភ្លៀង និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី៧០ភាគរយ ហើយនឹងមានរលកសមុទ្ទកម្ពស់២ទៅ៤ម៉ែត្រ និងឡើងខ្ពស់ជាង៤ម៉ែត្រ ពេលមានភ្លៀង និងផ្គររន្ទះ៕



