រំឭកសោកនាដកម្មធំៗចំនួន៣ នៃការឆេះក្លឹបកម្សាន្តនៅប្រទេសថៃ
ហៀប ស៊ីថេត
5 ម៉ោងមុន

រាជធានីបាងកក៖ គ្រោះអគ្គិភ័យដ៏បំផ្លិចបំផ្លាញនៅក្លឹបកម្សាន្តដ៏ល្បីមួយក្នុងប្រទេសថៃ កាលពីយប់ថ្ងៃទី១២ ខែកក្កដា បណ្ដាលឱ្យមានមនុស្ស២៧នាក់ស្លាប់ និងជាង ៦៣នាក់រងរបួស បានក្លាយជាសុបិនអាក្រក់ដ៏ធំមួយទៀតសម្រាប់ប្រជាជនថៃ។ ព្រឹត្តិការណ៍នេះ បានរំលឹកឡើងវិញនូវសោកនាដកម្មអគ្គិភ័យឆាបឆេះធំៗផ្សេងទៀតផងដែរ។ ថ្ងៃនេះ SBM News សូមរំឭកឡើងវិញនូវសោកនាដកម្មធំៗចំនួន៣ជម្រាបជូនលោកអ្នកនាងបានជ្រាប...។

ទី១.ករណីឆេះ ផាប់សានទីកា (Santika Pub) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៩។ គេនៅចាំបានថា នៅពេលបើកទំព័រឆ្នាំថ្មីនៃឆ្នាំ២០០៩ សោកនាដកម្មអគ្គិភ័យឆាបឆេះដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រប្រទេសថៃ បានចាប់ផ្តើម ដោយកើតចេញពីកាំជ្រួចនៅលើឆាក រួចអណ្តាតភ្លើងបានឆាបរាលដាលយ៉ាងលឿនទៅលើប្រព័ន្ធពិដាន បង្កើតជាផ្សែងយ៉ាងក្រាស់ឃ្មឹកពេញផ្ទៃអាគារទាំងមូល។ ហេតុការណ៍នេះ បានធ្វើឱ្យមនុស្ស ៦៧នាក់ស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស ព្រោះតែការថប់ដង្ហើម និងការរត់ជាន់គ្នា នៅមាត់ទ្វារច្រកចេញ។

ទី២.ករណីឆេះក្លឹប ម៉ោនថេនប៊ី (Mountain Bee)៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ អគ្គិភ័យដ៏បំផ្លិចបំផ្លាញមួយ បានផ្តាច់ជីវិតមនុស្ស២៦នាក់ និងជាង ៥០នាក់ផ្សេងទៀតបានរងរបួស។ ហេតុការណ៍នេះ ត្រូវបានបង្កឡើងដោយការទុស្សេខ្សែភ្លើងនៅក្នុងពិដាន។ ភ្លើងបានឆាបឆេះយ៉ាងលឿន ដោយសារតែអគារនេះត្រូវបានកែច្នៃ និងបំពាក់ដោយរបស់របរងាយឆាបឆេះ។ គេនៅចាំបានថា កាលនោះ ទ្វារសង្គ្រោះបន្ទាន់ផ្នែកខាងក្រោយ ត្រូវបានចាក់សោ ទើបបង្ខំឱ្យភ្ញៀវ និងបុគ្គលិករាប់រយនាក់រត់តាមទ្វារមុខតែមួយគត់ រហូតបង្កជាការរត់ជាន់គ្នាស្លាប់ និងរងរបួសដ៏គួរឱ្យអាណោចអាធ័មបំផុត។

ទី៣.ករណីឆេះក្លឹប ឡាដប្រាវ (Ladprao)​៖ ហេតុការណ៍ដ៏រន្ធត់កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បានផ្តាច់ជីវិតអ្នកចូលចិត្តដើរលេងយប់ចំនួន២៧នាក់ និងរបួសជាង៦៣នាក់ និងបង្កឱ្យមានការភ័យស្លន់ស្លោជាខ្លាំង។ អ្នករស់រានមានជីវិតបានរៀបរាប់ពីគ្រាដ៏គួរឱ្យភ័យខ្លាច ដោយពួកគេបានធុំក្លិនហ្គាសយ៉ាងខ្លាំង រួចក៏មានករណីផ្ទុះឆេះ និងបង្កឱ្យមានផ្សែងខ្មៅក្រាស់ឃ្មឹកហុយឡើងលើ។ ភ្លើងបានឆេះរាលដាលយ៉ាងលឿនតាមបណ្តោយពិដាន ហើយអ្វីដែលរឹតតែអាក្រក់នោះ គឺប្រព័ន្ធអគ្គិសនីនៅក្នុងអគារបានដាច់ទាំងស្រុង ធ្វើឱ្យមនុស្សរាប់រយនាក់ធ្លាក់ក្នុងភាពងងឹតសូន្យឈឹង មិនអាចមើលឃើញផ្លូវ ឬស្លាកសញ្ញាច្រកចេញនោះទេ។ សាកសពត្រូវបានគេប្រទះឃើញគរលើគ្នានៅតាមច្រកផ្លូវដើរ និងនៅក្នុងបន្ទប់ទឹក។ គេជឿថា ពួកគេបានរត់ទៅរកបន្ទប់ទឹកដើម្បីគេចពីភ្លើង ប៉ុន្តែបន្ទប់ទឹកបានក្លាយជាអន្ទាក់មរណ ធ្វើឱ្យពួកគេថប់ដង្ហើមដោយសារផ្សែង រួចត្រូវភ្លើងឆេះស្លាប់តែម្ដង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត