
រដ្ឋធានីប៉េកាំង៖ គ្រោះអគ្គិភ័យដ៏រន្ធត់មួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លិចបំផ្លាញរោងចក្រផលិតស្បែកជើងមួយកន្លែងនៅភាគខាងកើតប្រទេសចិន កាលពីថ្ងៃទី៩កក្កដា បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់២៨នាក់បានបាត់បង់ជីវិត ខណៈកងកម្លាំងពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះបន្ទាន់ជាង៥០០នាក់ ដុតដៃដុតជើងជួយសង្គ្រោះមនុស្សដែលជាប់គាំង។ រោងចក្រនេះ ឈ្មោះ Huiteng Shoes (ហួយតឹង ស៊ូ) ស្ថិតក្នុងទីក្រុងជិនជាំង (Jinjiang) ខេត្តហ្វូជៀន (Fujian)។

យោងតាមការចុះផ្សាយរបស់ប្រភពព័ត៌មានរដ្ឋចិន CCTV និង Xinhua បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅចំពេលថ្ងៃត្រង់ ខណៈមានកម្មករ និងអ្នកដឹកជញ្ជូនសរុប២៣៩នាក់ កំពុងស្ថិតក្នុងអគារ។ រូបភាពវីដេអូ បានបង្ហាញពីផ្សែងខ្មៅក្រាស់ឃ្មឹកចេញតាមបង្អួចអគារខ្នាតធំ ខណៈកម្មករមួយចំនួនបានរត់ភៀសខ្លួន ស្របពេលអណ្តាតភ្លើងកំពុងឆាបឆេះយ៉ាងសាហាវនៅជាន់ក្រោម។ ប្រតិបត្តិការជួយសង្គ្រោះជួបឧបសគ្គយ៉ាងខ្លាំងក្នុងការឡើងទៅជាន់លើ ដោយសារតែកាំជណ្តើរ និងផ្លូវចេញអាសន្នត្រូវបានបិទជិតដោយវត្ថុធាតុដើមផលិតស្បែកជើង ថែមទាំងមានសារធាតុកាវស្អិត ធ្វើឱ្យអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅរហូតបិទផ្លូវចេញ ដែលបង្ខំឱ្យកម្មករមួយចំនួនត្រូវរត់ទៅប្រជ្រៀតគ្នាតាមបង្អួច និងឡើងទៅលើដំបូលដើម្បីដកដង្ហើម។

ភ្លាមៗបន្ទាប់ពីមហន្តរាយនេះបានផ្ទុះឡើង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ជីវិតមនុស្សជាច្រើននាក់ ព្រមទាំងបានចេញបញ្ជាឱ្យស្វែងរកមូលហេតុនៃគ្រោះថ្នាក់នេះឱ្យបានឆាប់បំផុត និងត្រូវចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះអ្នកពាក់ព័ន្ធ។ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា អាជ្ញាធរចិនបានចាប់ខ្លួនម្ចាស់ក្រុមហ៊ុន រួមទាំងបុគ្គលិកទទួលខុសត្រូវមួយចំនួនយកទៅឃុំខ្លួនបណ្តោះអាសន្ន ព្រមទាំងបានបញ្ជាឱ្យបង្កកគណនីធនាគាររបស់ក្រុមហ៊ុនទាំងស្រុង ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការ៕





