
រដ្ឋធានីប៉េកាំង៖ មហាព្យុះទីហ្វុង «បាវី» ដែលមានទំហំស្លាបធំសម្បើមរហូតដល់ ១០០០គីឡូម៉ែត្រ (ប៉ុនទទឹងប្រទេសបារាំងទាំងមូល) បានបោកបក់បុកទម្លុះឆ្នេរភាគខាងកើតប្រទេសចិនជាលើកទីពីរ ក្នុងរយៈពេលពីរថ្ងៃ បង្ខំឱ្យអាជ្ញាធរចិនសម្រុកនាំគ្នាជម្លៀសប្រជាជនជិត២លាននាក់ ចេញពីគន្លងផ្លូវគ្រោះថ្នាក់ជាបន្ទាន់។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ព្យុះកំណាចបាវីបានបោកបក់មកដល់ដីគោកចិនលើកដំបូងនៅក្រុងឆ្នេរ Taizhou កាលពីល្ងាចថ្ងៃទី១១កក្កដា មុនពេលបន្តវាយប្រហារចំកណ្តាលក្រុង Wenzhou ទាំងកណ្តាលអធ្រាត្រ។ មុនមកដល់ប្រទេសចិន មហាព្យុះនេះបានបង្កគ្រោះមហន្តរាយបាក់ដីសម្លាប់មនុស្សយ៉ាងហោចណាស់១៧នាក់នៅប្រទេសហ្វីលីពីន ព្រមទាំងបានជះឥទ្ធិពលភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ខ្លាំង ធ្វើឱ្យមនុស្សរាប់ពាន់នាក់នៅកោះតៃវ៉ាន់ និងកោះដាច់ស្រយាល Sakishima របស់ជប៉ុន ត្រូវជម្លៀសខ្លួន និងដាច់ចរន្តអគ្គិសនី។ ទោះបីជាបច្ចុប្បន្នវាបានថយឥទ្ធិពលមកត្រឹមព្យុះទីហ្វុងកម្រិតទី១ ជាមួយល្បឿនខ្យល់១៤៤គីឡូម៉ែត្រក្នុងមួយម៉ោងក្ដី ប៉ុន្តែដុំពពកយក្សរបស់វា នៅតែផ្ទុកកំហាប់ទឹកភ្លៀងដ៏ច្រើនលើសលប់ ដែលអាចបង្កជាមហន្តរាយបានគ្រប់ពេល។

ដើម្បីបង្ការផលប៉ះពាល់ធ្ងនធ្ងរបំផុត អាជ្ញាធរឧតុនិយមចិនបានប្រកាសអាសន្នពីការធ្លាក់ភ្លៀងកម្រិតខ្ពស់បំផុតបំបែកកំណត់ត្រា នៅខេត្ត Zhejiang និងខេត្ត Fujian។ ភ្លាមៗនោះ ប្រជាពលរដ្ឋជាង ១,៧លាននាក់ នៅក្នុងខេត្ត Zhejiang រួមទាំងរាប់ពាន់នាក់ទៀតនៅខេត្តក្បែរខាង ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈសាលារៀន ក្រុមហ៊ុន សហគ្រាស និងសកម្មភាពក្រៅផ្ទះទាំងអស់ ត្រូវបានផ្អាកជាបណ្តោះអាសន្ន រីឯជើងហោះហើរជាង៤០០ជើង និងខ្សែរថភ្លើងរាប់សិបទៀត ត្រូវលុបចោលទាំងស្រុង។ គួររំលឹកថា ព្យុះបាវីបានចាប់កំណើតឡើងជា «មហាព្យុះលំដាប់កំពូល» វាយប្រហារកោះហ្គាំ (Guam) មុនគេកាលពីដើមសប្តាហ៍មុន ជាមួយល្បឿនខ្យល់កប់ពពក ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាបានវាយលុកប្រទេសចិនត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះទើបតែរងការបំផ្លិចបំផ្លាញយ៉ាងដំណំដោយសារព្យុះទីហ្វុងម៉ៃសាក់ កាលពីថ្ងៃទី៣កក្កដា កន្លងទៅនេះ៕





