
ក្រុងសៀមរាប៖ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើកំណាយបុរាណវិទ្យា សិក្សាពីរចនាសម្ព័ន្ធនៅតាមបណ្តោយផ្លូវចូលឆ្លងកសិន្ធុខាងលិច នៃប្រាសាទបាគង ដើម្បីប្រមូលទិន្នន័យបច្ចេកទេស និងសិក្សាពីស្ថានភាពខូចខាត នៃរចនាសម្ព័ន្ធទាំងមូល មុននឹងឈានទៅអនុវត្តគម្រោងជួសជុល និងពង្រឹងសោភ័ណភាពស្ពានហាលនេះឡើងវិញ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦…។

លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ផ្លូវចូលឆ្លងកសិន្ធុខាងលិចរបស់ប្រាសាទបាគង មានប្រវែង៧០ម៉ែត្រ ទទឹង១២ម៉ែត្រ និងកម្ពស់៤ម៉ែត្រ។ បច្ចុប្បន្ន រចនាសម្ព័ន្ធផ្លូវចូលនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីឆ្លងកាត់កាលវេលាជាង១០០០ឆ្នាំ។ លោកថា មុននឹងចាប់ផ្តើមការងារជួសជុលជាក់ស្តែង ក្រុមការងារចាំបាច់ត្រូវធ្វើកំណាយបុរាណវិទ្យាជាមុនសិន ដើម្បីសិក្សាស្វែងយល់ពីរចនាសម្ព័ន្ធដើមទាំងស្រុង ព្រមទាំងរករៀបចំប្រមូលបំណែកថ្មបាយក្រៀម និងចម្លាក់ដងខ្លួននាគ ដែលបានរលុះធ្លាក់ និងកប់នៅក្នុងកសិន្ធុ។

អ្នកជំនាញរូបនេះ គូសបញ្ជាក់ថា ជញ្ជាំងទប់តួថ្នល់ធ្វើពីថ្មបាយក្រៀមទាំងសងខាងនៃរចនាសម្ព័ន្ធផ្លូវចូលនេះ បានរលុះធ្លាក់ស្ទើរតែទាំងស្រុង រីឯចម្លាក់ដងខ្លួននាគអមសងខាងផ្លូវ ក៏បានបាត់បង់ពីទីតាំងដើមភាគច្រើនដែរ។ កត្តាចម្បង ដែលបណ្ដាលឱ្យមានការខូចខាតនេះ គឺបណ្ដាលមកពីដើមឈើដុះចាក់ឫសរីកសាយភាយ និងការហូរច្រោះដី ដោយសារទឹកភ្លៀងជារៀងរាល់រដូវវស្សា។ អ្នកជំនាញមួយរូបទៀត គឺលោក ជា សុជាតិ បុរាណវិទូ និងជាអ្នកទទួលបន្ទុកការងារកំណាយនៅទីតាំងនេះ បានបញ្ជាក់ថា ផ្លូវចូលឆ្លងកសិន្ធុខាងលិចប្រាសាទបាគង ពុំធ្លាប់មានប្រវត្តិនៃការសិក្សាស្រាវជ្រាវបុរាណវិទ្យា ឬជួសជុលនាពេលកន្លងមកនោះទេ ដូច្នេះ ការធ្វើកំណាយនាពេលនេះ ពិតជាមានសារសំខាន់បំផុតក្នុងការប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមអនុសាសន៍ និងបទដ្ឋានបច្ចេកទេសរបស់គណៈកម្មាធិការអន្តរជាតិ៕







