
រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា-ឡាវ-វៀតណាម បានឯកភាពគ្នាដាក់ចេញកញ្ចប់ទស្សនកិច្ច និងផែនការសកម្មភាពរួមគ្នា ជំរុញយុទ្ធនាការ«ប្រទេស៣ គោលដៅ១» ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំង៣ និងភ្ញៀវពីប្រទេសទី៣…។

ការឯកភាពនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រីភាគីរវាងលោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានស្ថាប័នជាតិទេសចរណ៍កម្ពុជា, លោកស្រី ហ្វូនម៉ាលិ អ៊ីនធើហ្វូម (ພອນມາລີ ອິນທະພົມ) អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងវប្បធម៌និងទេសចរណ៍ឡាវ និងជាប្រធានស្ថាប័នជាតិទេសចរណ៍ឡាវ, និងលោកស្រី ធី ហាវង្វៀង (Thị Hoa Nguyễn) អនុប្រធានអាជ្ញាធរទេសចរណ៍ជាតិវៀតណាម (VNAT) និងជាប្រធានស្ថាប័នជាតិទេសចរណ៍វៀតណាម ក្នុងឱកាសចូលរួមកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៦៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ហើយត្រូវបានក្រសួងទេសចរណ៍ ផ្សព្វផ្សាយនៅយប់ថ្ងៃទី១៣កក្កដាម្សិលមិញ។

ស្របតាមការចង្អុលបង្ហាញរបស់ប្រមុខថ្នាក់ដឹកនាំ ក្នុងការជំរុញយុទ្ធនាការ «ប្រទេស៣ គោលដៅ១» ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្លៃផ្កាបន្ថែមទៀត ភាគីនៃប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម បានឯកភាពដាក់ចេញនូវកញ្ចប់ទស្សនកិច្ចរួមគ្នា ក្នុងនោះ៖ ៣ថ្ងៃនៅប្រទេសវៀតណាម, ៣ថ្ងៃនៅប្រទេសកម្ពុជា, និង៣ថ្ងៃនៅប្រទេសឡាវ ដោយធ្វើការដាក់បញ្ចូលនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសនីមួយៗ ទៅក្នុងកញ្ចប់ទស្សនកិច្ចរួមនេះ ដើម្បីជំរុញរំហូរភ្ញៀវទេសចររវាងប្រទេសប្រទេសទាំង៣ និងភ្ញៀវទេសចរអន្តរជាតិពីប្រទេសទី៣ផ្សេងទៀត។ អង្គប្រជុំក៏បានឯកភាពដាក់ចេញនូវផែនការសកម្មភាពរួម ដោយឈរលើភាពប្រាកដនិយម និងជាក់ស្តែងនិយម រួមមានជាអាទិ៍៖ រៀបចំការផ្សព្វផ្សាយរួមគ្នាតាមរយៈការរៀបចំវីដេអូផ្សព្វផ្សាយរួម កម្ពុជា-ឡាវ-វៀតណាម, ការរៀបចំព្រឹត្តិការណ៍រួមគ្នា (ទេសចរណ៍ វប្បធម៌ កីឡា), ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន, ការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់ភ្ញៀវទេសចរប្រទេសទាំង៣ និងពីប្រទេសទី៣។

ក្រោយដាក់ចេញកញ្ចប់ទស្សនកិច្ចរួមគ្នា មន្រ្តីជំនាញនៃប្រទេសទាំង៣ នឹងបន្តជួបគ្នាដើម្បីលើកឡើងនូវសកម្មភាពដែលអាចអនុវត្តបានឆាប់រហ័ស មានប្រសិទ្ធភាពខ្ពស់ និងលេចចេញជាលទ្ធផលភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពរួម រួចរាយការណ៍ជូនរដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសទាំង៣ ដើម្បីវាយតម្លៃ និងដាក់ចេញនូវផែនការអនុវត្តបន្ត៕




