
រាជធានីភ្នំពេញ៖ វៀតណាម បានប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការបង្កើតយន្តការមន្ត្រីប្រចាំការរវាង កម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)...។

ការគាំទ្រនេះ ត្រូវបានលើកឡើងដោយ លោកឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ មុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ឡាវ-វៀតណាម លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តាមលោកឧបនាយករដ្ឋមន្ត្រី ស សុខា យន្តការមន្ត្រីប្រចាំការត្រីភាគីនេះ មានគោលបំណងពង្រឹងការផ្លាស់ប្ដូរព័ត៌មានឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលាទៅនឹងសភាពការណ៍នៃការប្រឈមបទល្មើសជាអាទិ៍ ការផ្លាស់ប្ដូរទិន្នន័យជនបរទេសធ្លាប់ប្រព្រឹត្ត ឬពាក់ព័ន្ធនឹងបទល្មើសដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅហាមចូលប្រទេសនីមួយៗ និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីបញ្ជូនពលរដ្ឋឱ្យគ្នាទៅវិញទៅមក ក្រោយការរកឃើញពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗជាដើម។

ស្របគ្នានឹងការផ្លាស់ប្ដូរយោបល់ជាមួយវៀតណាមនេះ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា មានជំនួបដាច់ដោយឡែកមួយទៀតជាមួយ លោកឧត្តមសេនីយ៍ឯក វ៉ាន់ថន កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ។ ក្នុងជំនួបនោះ ឡាវស្នើឱ្យកម្ពុជា ចែករំលែកបទពិសោធ ជំនាញក្នុងការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញឡាវ។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឯកភាព និងគាំទ្រពេញទំហឹងចំពោះសំណើនេះ ព្រមទាំងបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ឡាវ និងវៀតណាម តាមរយៈការផ្លាស់ប្ដូរព័ត៌មាន បទពិសោធ និងការសម្របសម្រួលប្រតិបត្តិការរួម ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបទល្មើសមានការប្រទាក់ក្រឡាទាំងជាមួយប្រទេសក្បែរខាង និងនៅលើពិភពលោក។ បើតាមក្រសួងមហាផ្ទៃ តាមរយៈជំនួបក្នុងថ្ងៃតែមួយនេះ កម្ពុជា-វៀតណាម និងឡាវ បានបង្ហាញការប្ដេជ្ញាចិត្តរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងក្លាយជាបញ្ហាប្រឈមរួមរបស់តំបន់៕





