ជំនន់ទឹកភ្លៀងកំពុងឡើងខ្លាំង ក្រសួងសុខាភិបាល ប្រាប់ពីរបៀបថែរក្សាសុខភាព និងការពារខ្លួនពីសត្វអសិរពិស
S
Sreyleak Yith
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្ថានភាពភ្លៀងធ្លាក់យ៉ាងគំហុគនៅកម្ពុជា នាពេលបច្ចុប្បន្ន បានបន្តកើនឡើង នោះក៏ព្រោះតែកម្ពុជាទទួលរងឥទ្ធិពលពីព្យុះជាបន្តបន្ទាប់ ជំរុញឱ្យទឹកទន្លេ ស្ទឹង បឹង ព្រែក ហក់ឡើងខ្ពស់បង្កជាគ្រោះទឹកជំនន់ ដែលអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតពលរដ្ឋ។ ដើម្បីបង្ការហានិភ័យផ្សេងៗ សូមស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលដូចតទៅ...។

កាលពីយប់ថ្ងៃទី១៣កក្កដា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការ[ការពារ]សុខភាព ត្រៀមបង្ការ និងឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដូចជា៖ មុនពេលទឹកជំនន់ ត្រូវតាមដានស្ថានភាពទឹក ត្រៀមទីទួលសុវត្ថិភាព បម្រុងទុកស្បៀងអាហារ ឱសថសង្គ្រោះបន្ទាន់។ ធ្វើរបងព័ទ្ធ ឬបោះបង្គោលចំណាំជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ និងថែរក្សាបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត ក៏ដូចជាសាងសង់បង្គន់ឱ្យបានខ្ពស់ ដើម្បីការពារទឹកជំនន់។ ចំណែក កំលុងពេលមានទឹកជំនន់ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺផ្សេងៗ។ ជាមួយគ្នា ត្រូវងូតទឹកដុះសាប៊ូឱ្យបានស្អាត បង្ការជំងឺសើស្បែក ពងទឹក កមរមាស់។ មួយវិញទៀត ស្ត្រីមានផ្ទៃពោះត្រូវតាមដានពិនិត្យផ្ទៃពោះ តាមកាលកំណត់។ បើជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។

ត្រូវនាំកូនៗទៅចាក់ថ្នាំបង្ការតាមការកំណត់ និងត្រូវផ្តល់អាហារដែលមានអនាម័យ។ ត្រូវយកចិត្តទុកដាក់ជួយមនុស្សចាស់ កុមារ និងជនមានពិការភាព ដោយត្រៀម ឈើច្រត់ រទេះរុញ ឬឱសថដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំ។ លើសពីនេះ មិនត្រូវចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់។ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកជាដាច់ខាត។ ការធ្វើដំណើរតាមទូក ឬការណូត មិនត្រូវដាក់មនុស្សហួសកម្រិតឡើយ។ ការធ្វើដំណើរពេលយប់ត្រូវមានភ្លើងបំភ្លឺ និងត្រូវមានអាវពោងសុវត្ថិភាពជានិច្ច។ ត្រូវប្រុងប្រយ័ត្នសត្វពស់ចឹក ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬគំនរឈើ។ ធ្វើដំណើរពេលយប់ត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង។ ករណីមានពស់ចឹក សត្វអសិរពិសទិច ឬខាំ ត្រូវប្រញាប់ទៅមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា។

ចំពោះចំណីអាហារ ត្រូវទទួលទានទឹកស្អាតដោយប្រើធុងចម្រោះ និងដាំទឹកឱ្យពុះ ដើម្បីចៀសវាងពីជំងឺរាក ជំងឺរាកមូល ពុលចំណីអាហារ ឬជំងឺផ្លូវដង្ហើមស្រួចស្រាវ និងជំងឺផ្សេងទៀត។ ម្យ៉ាងទៀត ត្រូវលាងសម្អាតបន្លែ ផ្លែឈើ ចម្អិនអាហារឱ្យបានឆ្អិនល្អ គ្របអាហារឱ្យបានជិត និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានញឹកញាប់មុន-ក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។ គួរជ្រាបថា ក្រោយទឹកស្រកត្រូវពិនិត្យមើលផ្ទះខ្លាចមានបាក់ស្រុត និងប្រុងប្រយ័ត្នសត្វអសិរពិសដែលបង្កប់ខ្លួន។ ធ្វើអនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ចៀសវាងការដក់ទឹកនាំឱ្យកើតមូសខ្លា និងមូសដែកគោល ដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម គ្រុនចាញ់ ដូច្នេះត្រូវស្តារ និងសម្អាតអណ្តូងទឹក ឡើងវិញមុនប្រើប្រាស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត