សូមបង្កើនការប្រុងប្រយ័ត្ន! ព្យុះទី១១«ហៃសិន»រួមដៃជាមួយ«ព្យុះបាវី» ជះឥទ្ធិពលខ្លាំងលើតំបន់មាត់សមុទ្ទកម្ពុជា
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្របពេលកំពុងទទួលរងឥទ្ធិពលពី«ព្យុះបាវី» ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានព្យាករឃើញព្យុះទី១១ឈ្មោះ «ហៃសិន» (Haishen) បានកើតឡើងថ្មីបង្កឱ្យមានភ្លៀង និងខ្យល់កន្ត្រាក់នៅទូទាំងប្រទេសកម្ពុជា ជាពិសេស នៅតំបន់មាត់សមុទ្ទ និងតំបន់ខ្ពង់រាប រហូតដល់ថ្ងៃទី១៧ ខែកក្កដាទើបចុះឱនភាព...។

ក្រសួងព្យាករថា៖«សម្ពាធទាបដែលកើតឡើងនៅលើមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី១១ ឈ្មោះ «ហៃសិន»(Haishen) ដែលកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីបក់កាត់ឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្ទកម្ពុជា និងកម្ពុជា»។ ទោះពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ហៃសិន តែស្ថានភាពបែបនេះធ្វើឱ្យ តំបន់មាត់សមុទ្ទ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី៧០ភាគរយ។ រលកសមុទ្ទបោកបក់ខ្លាំង ដែលមានកម្ពស់ពី កន្លះម៉ែត្រទៅជាង១ម៉ែត្រកន្លះ។ ទន្ទឹមគ្នានេះ តំបន់ខ្ពង់រាប ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៧០ភាគរយដូចគ្នា។

ដោយឡែក តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប ដណ្ដប់លើផ្ទៃដី ៥០ភាគរយ។ ក្នុងពេលជាមួយគ្នា ក្រសួងវាយតម្លៃថា ព្យុះទី៩ «បាវី» (Bavi) នឹងរលាយបាត់នៅថ្ងៃទី១៥កក្កដា ខណៈព្យុះ«ហៃសិន» នឹងបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងរហូតដល់ថ្ងៃទី១៧កក្កដា។ ចំពោះមុខបញ្ហានេះ ក្រសួងអំពាវនាវដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ ក្រសួងនឹងបន្តតាមដានស្ថានភាពអាកាសធាតុ និងជូនដំណឹងបន្ថែម ប្រសិនបើមានការប្រែប្រួល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត