
រាជធានីបាងកក៖ នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីប្រកាសអាសន្នមួយ នៅថ្ងៃទី១១មិថុនានេះ ដោយព្រមានពីការកើនឡើងនៃកម្រិតទឹកភ្លៀង និងហានិភ័យខ្ពស់ដែលអាចបង្កជាគ្រោះទឹកជំនន់ភ្លាមៗនៅទូទាំងប្រទេស...។

យោងតាមការព្យាករអាកាសធាតុរយៈពេល២៤ម៉ោងខាងមុខ ខេត្តចំនួន៦៣ នឹងត្រូវរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ពីកម្រិតខ្លាំងទៅខ្លាំងបំផុត បង្កឡើងដោយសារសម្ពាធទាបពីសមុទ្ទចិនខាងត្បូង និងខ្យល់មូសុងនិរតីកំពុងបោកបក់មកលើសមុទ្ទអាន់ដាម៉ាន់ និងឈូងសមុទ្ទ។ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតំបន់ទំនាប និងក្បែរផ្លូវទឹក ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីលើភ្នំ។ ក្នុងនោះ តំបន់ភាគខាងជើង ភាគឦសាន និងភាគខាងកើត នឹងមានភ្លៀងធ្លាក់គ្របដណ្ដប់ពី៦០ភាគរយទៅ៧០ភាគរយ ខណៈតំបន់ឆ្នេរខាងលិចនៃភាគខាងត្បូង នឹងត្រូវប្រឈមមុខនឹងស្ថានភាពអាកាសធាតុអាក្រក់ជាងគេ ដោយមានភ្លៀងធ្លាក់រហូតដល់៨០ភាគរយ។ សម្រាប់រាជធានីបាងកក និងខេត្តជុំវិញ ក៏នឹងមានភ្លៀងធ្លាក់រាយប៉ាយប្រហែល៦០ភាគរយដែរ។

ក្រៅពីការគំរាមកំហែងលើដែនដីគោក ស្ថានភាពនៅតាមផ្ទៃសមុទ្ទក៏មានសភាពគ្រោះថ្នាក់ខ្លាំងផងដែរ ដោយសាររលកសមុទ្ទអាចមានកម្ពស់រហូតដល់២ម៉ែត្រ និងអាចខ្ពស់ជាងនេះ ក្នុងអំឡុងពេលមានខ្យល់ព្យុះ និងផ្គររន្ទះ។ នាយកដ្ឋានឧតុនិយម បានណែនាំដល់អ្នកនេសាទ និងអ្នកបើកបរនាវាទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នទ្វេដង និងគួរជៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់ដែលមានខ្យល់ព្យុះខ្លាំង ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ៕




